Thursday, October 20, 2022

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោតរួចរាល់ហើយ (Photo inside)

  (FN-ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។


សង្គ្រាមមិនត្រឹមតែបង្កើតវិនាសកម្ម និងការហិនហោចជាតិកម្ពុជាប៉ុណ្ណោះ តែក៏បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនខុសអស់រយៈពេលជាង៥០ឆ្នាំផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗ ចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ រីឯឆ្នាំកំណើត ឆ្នាំ១៩៥១ គឺជាឆ្នាំដែលអ្នកវាយអង្គុលីលេខវាយខុស។

ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសូតនៅម៉ោង ១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

ចំណែកការកំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២ ជាថ្ងៃកំណើត ដោយសារតែ​នៅថ្ងៃ៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចបាន​ចូលព្រៃម៉ាគី ធ្វើការតស៊ូតាម​ការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យសម្តេច និងអ្នកតស៊ូជាង ៣០០នាក់ធ្វើប្រវត្តិរូប។ ពេលនោះសម្តេចតេជោ ​ពុំចាំថ្ងៃខែកំណើត ដូច្នេះសម្តេច​បានយក​ថ្ងៃ៤ ខែមេសា ដែលជាថ្ងៃសម្តេច​ចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង។

សម្តេចតេជោ បន្តថា សម្តេចបានប្រើថ្ងៃ៤ ខែមេសា ឆ្នាំ១៩៥២ ជាថ្ងៃខែឆ្នាំកំណើត ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃ៨ ខែមករា ឆ្នាំ១៩៧៩ ទើបដូរឆ្នាំ មក ១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២ មកឆ្នាំ១៩៥១ វិញ? សម្តេចតេជោ បានរំលឹកថា បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពត ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ហើយនោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ មានការបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះ។

សម្តេចតេជោ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា មានហេតុផលពីររួមមាន៖ ទី១ អ្នកវាយអង្គុលីលេខវាយខុស ហើយយក​ទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ, ទី២ សម្តេច​មិនព្រមធ្វើការកែតម្រូវដោយសារ​អាយុជាង ២៦ឆ្នាំ ពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង ៤០ ឬជាង ៥០ឆ្នាំ។

ពេលសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ មករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ក៏មិនព្រមកែទៀត ដោយសារពេលនោះ សម្តេច​ ក៏ទើបមានអាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេ នៅលើលោកនាពេលនោះ។

សូមបញ្ជាក់ដែរថា ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណបណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត។ ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។

ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣។ អ្នកគ្រប់អាយុចូលរួមបោះឆ្នោត បើមិនទៅចុះឈ្មោះបោះឆ្នោតទេ មិនមានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ២០២៣នោះឡើយ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ឬ អ្នកកើតមុន ឬ កើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ សុទ្ធតែអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១នាក់៕ អត្ថបទ និងរូបភាព៖ Fresh News, Kok Ky





No comments:

Post a Comment