Thursday, October 20, 2022

តុលាការកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ១ជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ា

 (ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។

ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។ ទោះជាយ៉ាងណា តុលាការក៏បានបើកសិទ្ធិឱ្យ លោក សម រង្ស៉ី ប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ផងដែរ ប្រសិនបើមិនពេញចិត្តនឹងការសម្រេចនេះ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយមេដឹកនាំជនជាតិវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិ បើសិនជាគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣។ ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

លោក សម រង្ស៉ី ក៏ត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌផងដែរ។

ការចុះកិច្ចព្រមព្រៀងរបស់ លោក សម រង្ស៉ី​ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ គណបក្សនយោបាយ និងស្ថាប័ននានា ចេញប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា ជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន៕






No comments:

Post a Comment