Thursday, October 20, 2022

ប្រធានាធិបតីទីម័រ អរគុណកម្ពុជា ដែលបានគាំទ្រយ៉ាងខ្លាំងក្លាប្រទេសខ្លួន ចូលជាសមាជិកអាស៊ានក្នុងឆ្នាំនេះ


(FN-ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសរបស់ខ្លួន បានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ២០២២នេះ។




លោកប្រធានាធិតី ថ្លែងអំណរគុណបែបនេះ ក្នុងឱកាសដែលោកបានជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈលោកប្រធានាធិបតី បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។

សេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ»។

លោកប្រធានាធិតីបានបញ្ជាក់បន្ថែមថា ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នាផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអះអាងថា កម្ពុជាបានគាំទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ។

សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទីម័រខាងកើតនៅកម្ពុជានេះ នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមន៍អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ៕









No comments:

Post a Comment