Thursday, December 19, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពបន្តអនុគ្រោះពន្ធលើវិស័យអប់រំដើម្បីពង្រីកវិសាលភាពគរុកោល្យឱ្យកាន់តែមានប្រសិទ្ធភាព

នៅរសៀលទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីវឌ្ឍនភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារយៈពេលមួយឆ្នាំកន្លងមក។ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានគោរពស្នើសុំការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្រ្តី និងសុំនូវសេចក្តីសម្រេចលើបញ្ហា៣ដែលក្នុងនោះរួមមាន៖
ទី១- គឺសុំបន្តការអនុគ្រោះលើបញ្ហាពន្ធដូចដែលបានអនុវត្តកន្លងមក គឺសូមអនុគ្រោះពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ដូចដែលបានធ្វើកន្លងមក។
ទី២- គឺការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា និង
ទី៣- គឺការពង្រីកវិសាលភាពគរុកោសល្យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពលើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ ទាក់ទងទៅនឹងការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ករណីនេះត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំបណ្ដុះបណ្ដាលគរុកោសល្យដែលមានស្រាប់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានចាត់ទុកថា មនុស្ស គឺជាគោលនយោបាយអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ៕






No comments:

Post a Comment