Thursday, December 19, 2019

លំហាត់សមយុទ្ធសង្គ្រោះទ្រង់ទ្រាយធំលើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ

សៀមរាប៖ នៅវេលាម៉ោងប្រមាណ៩ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise ដែលមានឈ្មោះ REPEX-19 នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ លំហាត់សមយុទ្ធនេះធ្វើឡើង ក្នុង​គោល​បំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវ​ហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុណាមួយ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានធ្វើការដុតកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ដោយមានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនានា ក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនេះ ជាការដាស់ស្មារតី និង ការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវជាតិ និង អន្ដរជាតិ ដែលធ្វើដំណើរតាមយន្ដហោះ ហើយការធ្វើសមយុទ្ធនេះ ត្រូវធ្វើឲ្យបានតាមប្រតិទិនតាមគ្រោងទុក។ លោកក៏បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធនេះ គឺបង្កើននូវស្មារតីយកចិត្តខ្ពស់របស់កងកម្លាំងនៅពេលដែលឧបទ្ទវហេតុគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ និងបានផ្តល់នូវបទពិសោធន៍ ចំណេះដឹងអំពីនិតិវិធីក្នុងការជួយសង្រ្គោះជនរងគ្រោះ រួមទាំងក្រុមគ្រូពេទ្យផងដែរ។
ក្នុងនោះ លោកក៏បានធ្វើការថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួម ព្រមទាំងក្រុមហ៊ុនអាកាសចរ និងប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានរៀបចំធ្វើលំហាត់​សម​យុទ្ធនេះឡើង។ កត្តាទាំងនេះក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរខេត្ត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាក្រុមហ៊ុនអាកាសចរ ក្នុងការពង្រឹងលើផ្នែកសន្តិសុខ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចផងដែរ។
តាមសេចក្តីរាយការណ៍របស់គណៈកម្មការរៀបចំ បានឲ្យដឹងថា យន្តហោះរងគ្រោះនេះ មានអ្នកដំណើរជិះលើយន្តហោះចំនួន ៧៤នាក់ ត្រូវបានទទួលរងគ្រោះថ្នាក់ទាំងអស់ និងហើយអ្នកដែលទៅជួយសង្គ្រោះម្នាក់ក៏ត្រូវបានរងរបួសផងដែរ។ ក្នុងនោះ របួសអាទិភាពទី១ ចំនួន ១៤នាក់ អាទិភាព​ទី២ ចំនួន ១៦នាក់ អាទិភាពទី៣ ចំនួន ៣៧នាក់ និងស្លាប់ចំនួន ២១នាក់។ ក្នុងចំណាត់ការនោះ អ្នករងរបួសត្រូវបានក្រុមការងារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងខេត្ត និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញចំនួន ៣នាក់ផងដែរ។
សូមជម្រាបជូនថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានរៀបចំឡើងក្នុងរយៈពេល ២ឆ្នាំម្ដង ដោយ​អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប ដែលមានស្ថាប័នពាក់ព័ន្ធជិត ៣០០នាក់បានចូលរួម រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្រុមកំចាត់មីនស៊ីម៉ាក់ ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ដោយប្រើប្រាស់រថយន្តបង្កា ពន្លត់អគ្គិភ័យអាកាសយានដ្ឋាន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្ត កងរាជអាវុធហត្ថ មន្ទីរពេទ្យយោធភូមិភាគទី៤ តំបន់​ប្រតិបត្តិការសឹកសៀមរាប និង រថយន្តសង្រ្គោះពេទ្យឯកជនផងដែរ។ កត្តាទាំងនេះជាការ​យក​ចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ី​វិល​កម្ពុជា និងអាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី ៦ហើយ ក្នុងការរៀបចំនូវ លំហាត់សមយុទ្ធ ក្នុងការសង្រ្គោះដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ គឺដើមី្បធ្វើការពង្រឹងនូវ ស្មារតីដល់​កង​កម្លាំងសង្រ្គោះ ទាំងចំណេះដឹង បច្ចេកទេសក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ។ ម៉្យាងទៀត​ក៏បង្ហាញ ពីកិច្ចសហការបានល្អរបស់អាជ្ញាធរខេត្ត ក្នុងការបញ្ជាដឹកនាំកងកម្លាំង ជាមួយមន្ត្រីអាកាស​យានដ្ឋានអន្តរជាតិសៀមរាប បានកិច្ចដំណើរការទៅប្រកបដោយជោគជ័យ ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តក្នុងការ ជួយសង្រ្គោះនៅពេលមានកើតឡើង នូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗកើតឡើងទៀតផង។ លោកក៏បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្ត ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្ត​ហោះ​នេះ​ផងដែរ។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) នេះ ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់នូវបទពិសោធន៍ ដល់អង្គភាពស្ថាប័នដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ក្នុងការ​ជួយ​សង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។ សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រតិបត្តិការក្នុងការសង្រ្គោះ​ដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ដោយមានវត្តមានចូលរួមរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោក លោកស្រីជាមេបញ្ជាការកងទ័ពអាកាស អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មេបញ្ជា​ការរងយោធភូមិភាគទី៤ គណៈអភិបាលខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប កងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត និង នាយករដ្ឋបាលសាលាខេត្ត ប្រធានអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប ក្រុមហ៊ុនអាកាសចរ រួមទាំងក្រុមគ្រូពេទ្យ ក្រុមកំចាត់មីនស៊ីម៉ា និង​កង​កម្លាំងជួយសង្គ្រោះជាច្រើនផងដែរ៕






No comments:

Post a Comment