Thursday, December 19, 2019

៦ ចំណុច សំខាន់ៗ ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចពង្រឹងការសហប្រតិបត្តិការល្អ

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល (លើកទី២) ក្រោមប្រធានបទ “ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង”។ ក្នុងវេទិកានេះមានការចូលរួមពី ព្រះសង្ឃ លោក ចិន សាធាន នាយករដ្ឋបាលសា​លា​ខេត្ត លោក លៀង រិទ្ធី ចៅក្រមសាលាដំបូងខេត្ត លោក សួស យុត្ថារី ព្រឹទ្ធបុរស​មហា​វិទ្យា​ល័យ​សង្គមសាស្រ្ត សាកលវិទ្យាល័យស្វាយរៀង តំណាងសាកលវិទ្យាធិការ កងកម្លាំងទាំង៣ លោក​នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីអភិបាលរង ក្រុង/ស្រុកទាំង៨ លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ សហជីប សមាគម ស.ស.យ.ក និងសមាគមន៍អមត សរុបអ្នកចូលរួមចំនួន ១៦០អង្គ/នាក់។

នាឱកាសនោះ លោកអភិបាលរងបានមានប្រសាសន៍ ៦ចំណុច ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋាន មានដូចខាងក្រោម៖
១. សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង ក្នុងការលើកកម្ពស់លិទ្ឋិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ជាពិសេសសូមបន្តចូលរួម និងគាំទ្រគម្រោងផែនការអភិវឌ្ឍ ៥ឆ្នាំ និងគម្រោងវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់។
២. សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និង លក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
៣. អង្គការ សមាគម មួយចំនួនសូមកុំព្យាយាមប្រើរូបភាពអូសទាញចលនាមហាជន ក្នុងការចលនាទាមទារសិទ្ធិសេរីភាព ការងារលើវិស័យដីធ្លីជាដើម។
៤.សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង សូមជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ តំណាង ឬតំណាងប្រចាំប្រទេស ឬផ្អាកការធ្វើសកម្មភាពមករដ្ឋបាលខេត្ត និងសូមធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ក្រោយបញ្ចប់សកម្មភាពរបស់ខ្លួន ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំមករដ្ឋបាខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យតាមដានអំពីសកម្មភាព និងលទ្ធផលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា នឹងមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ។
៥. សូមអង្គការ សមាគម ទាំងអស់ធ្វើកិច្ចសហការ មានភាពស្មោះត្រង់ក្នុងភាពជាដៃគូក្នុងការពង្រឹងសាមគ្គីភាពឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៦. អង្គការ សមាគម ដែលធ្វើសកម្មភាពនៅតាមទីសាធារណៈ ដាច់ខាតត្រូវជូនដំណឹងមករដ្ឋបាលខេត្តជៀសវាងមានភាពមិនប្រក្រតីកើតឡើងណាមួយប្រឈម និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី៕





No comments:

Post a Comment