Friday, November 22, 2019

អភិបាលព្រះសីហនុ ពិភាក្សាការងារជាមួយក្រុមហ៊ុន ចិន អំពីគម្រោងវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនី

ព្រះសីហនុ ៖ នៅទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd បានចូលជួបសម្តែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ ។
នាឱកាសនោះដែរ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានប្រសាសន៍ជំរាបជូន អភិបាលខេត្តព្រះសីហនុ អំពីគោលបំណងនៃការវិនិយោគ ឲ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះ សីហនុ។ ប្រធានក្រុមហ៊ុន ក៏បានអញ្ជើញអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចនៅរោងចក្រក្នុងខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។
លោក គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្ត នឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀតផង ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគ បានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៏ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ ។
លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd ក៏បានផ្តល់អង្ករចំនួន ១០តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ៕




No comments:

Post a Comment