Friday, November 22, 2019

កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្តកែប ដែលមានរយៈពេលប្រាំឆ្នាំទៅលើផែនការជាអាទិភាព

កែប ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកែប លោក អ៊ឹង ឆាយ អភិបាលរងខេត្តកែប តំណាង លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្តដើម្បីពិនិត្យ ផ្តល់យោបល់ទៅលើសេចក្តីព្រាងប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ខេត្ត(២០២០-២០២៤) និងសេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ដ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រី ដែលជាសមាជិកសមាជិកការក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ចំនួន៣៩រូប ។
នាឱកាសនោះដែរ លោក អ៊ឹង ឆាយ បានមានប្រសាសន៍ថា ដើម្បីឲ្យការងាររៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)របស់រដ្ឋបាលខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ត្រូវតែរៀបចំឲ្យមាននូវប្រតិទិនការងារ ដើម្បីគ្រប់គ្រងទៅលើក្របខណ្ឌពេលវេលា កំណត់អ្នកទទួលខុសត្រូវ និងថវិកាសម្រាប់គាំទ្រដល់ដំណើរការរៀបចំនេះ។
ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់បន្ថែមទៀតថា គោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ដនេះ យើងត្រូវធ្វើការពិភាក្សាឲ្យបានល្អិតល្អន់ ដោយពិនិត្យមើលក្របខ័ណ្ឌច្បាប់ គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដូចជា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ស្ថានភាពជាក់ស្តែងរបស់ខេត្ត កំណត់អំពីចក្ខុវិស័យ សកម្មភាព ឬវិស័យជាអាទិភាព ដែលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តសម្រាប់រយៈពេលប្រាំឆ្នាំនៃអាណត្តិរបស់ក្រុមប្រឹក្សា។
ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ឯកសារទាំងពីរនេះពិតជាមានសារៈសំខាន់ណាស់ ក្រុមការងារកសារផែនការអភិវឌ្ឍន៍ខេត្ត ។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវតែពិនិត្យ និងកែសម្រួលឲ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ព្រោះឯកសារទាំងពីរនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំគណៈអភិបាលខេត្តបន្តទៀត ៕



No comments:

Post a Comment