Tuesday, February 22, 2022

បទវិភាគអន្តរជាតិ៖ តើការដោះស្រាយតាមផ្លូវការទូតជាមួយរុស្ស៊ី ដើរដល់ផ្លូវទ័លហើយ ឬ?


(ម៉ូស្គូ)៖ សម្រាប់អ្នកកំពុងតាមដានវិបត្តិអ៊ុយក្រែន ប្រហែលជាដឹងហើយថាថ្ងៃទី២០ ខែកុម្ភៈ គឺជាកាលបរិច្ឆេទដែលសហរដ្ឋអាមេរិក ព្យាករថា ជាពេលរុស្ស៊ីធ្វើសកម្មភាព។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ ខណៈមានព័ត៌មានជាច្រើនបានអះអាងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យកងទ័ពរបស់លោកបើក ការវាយប្រហារលើអ៊ុយក្រែន។

ការព្យាករបែបនេះមិនមែនគ្មានមូលដ្ឋាននោះទេ។ ពោលគឺផ្អែកលើសកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន និងប្រវត្តិសាស្ត្រ ដែលធ្លាប់បានកើតឡើង។ រុស្ស៊ីធ្លាប់បានឈ្លានពានចូលប្រទេសហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨ កំលុងព្រឹត្តិការណ៍រដូវក្ដៅក្រុងប៉េកាំង និងបាន ក្រសោបយកតំបន់គ្រីមៀ បន្តិចម្ដងៗនៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៤ ក្នុងទីក្រុងសូឈី (Sochi)។

ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ រុស្ស៊ីបែរជាផ្ដល់ក្ដីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងទៅវិញ ហើយក៏ចំពេលម៉ូស្គូការបញ្ចប់ការធ្វើ សមយុទ្ធយោធារួមគ្នាជាមួយបេឡារុសផងដែរ។ វិមានក្រឹមឡាំងបានឱ្យដឹងថាកងទ័ពរុស្ស៊ីនឹងត្រូវត្រឡប់ចូលបន្ទាយវិញ តែមិនបានបញ្ជាក់ឱ្យ ច្បាស់នោះទេ ជាហេតុធ្វើឱ្យលោកខាងលិច ជាពិសេសអាមេរិកនៅតែសង្ស័យចំពោះចេតនារបស់រុស្ស៊ី។ យ៉ាងណាក៏ដោយ អ្វីដែលគេអាច និយាយបាននៅពេលនេះ ការឈ្លានពានដែលលោកខាងលិចបានព្យាករវាមិនបានកើតឡើងនោះទេ។ ប៉ុន្តែ អាមេរិកនៅតែមិនអស់ចិត្តដោយ បន្តព្រមានថារុស្ស៊ី មិនបានដកទ័ពឡើយ ហើយថែមទាំងបង្កើនចំនួនកងទ័ពដល់ ១៩០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈឈ្លានពាន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ។

ដោយឡែក ក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានដាក់កងទ័ពឱ្យប្រុងជើងការខ្ពស់ និងជម្លៀសជនស៊ីវិល ទៅកាន់ទឹកដីរុស្ស៊ីជាបណ្ដោះអាសន្ន ចំពោះមុខសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីការរំលោភបទឈប់បាញ់។ ដូច្នេះតើនេះមាន័យថា ការដោះស្រាយតាមផ្លូវការទូតទទួលបរាជ័យហើយមែនទេ?

ច្បាស់ណាស់, វាមិនទាំងអស់នោះទេ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះ លោក ពូទីន និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបើក កិច្ចពិភាក្សាតាមទូរស័ព្ទ ហើយមេដឹកនាំទាំង ២ បានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការបន្តរក្សាកិច្ចសន្ទនាដោយបើកចំហរគ្រប់កម្រិត ពាក់ព័ន្ធ នឹងស្ថានភាពនៅអ៊ុយក្រែន។ បើតាមវិមានក្រឹមឡាំង ការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ (Minsk) គឺជាដំណោះស្រាយតែមួយគត់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍។

តែខាងរដ្ឋាភិបាលអ៊ុយក្រែន មើលឃើញថាកិច្ចព្រមព្រៀងនេះប្រៀបបានទៅនឹងការបង្ខំឱ្យខ្លួនទទួលយក នៅក្រោមការគំរាមកំហែងពីកាណុងកាំភ្លើង។

គួរបញ្ជាក់ថា រូបភាពថ្មីៗពីផ្កាយរណបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ម៉ាសារ (MAXAR) បានបង្ហាញឲ្យឃើញថារុស្ស៊ីទើបធ្វើ ការដាក់ពង្រាយរថពាសដែក និងកងទ័ពបន្ថែមទៀត នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន ដែលស្របពេលនឹងការព្រមានពី រដ្ឋមន្ត្រីការបរទេសអាមេរិកថា កងទ័ពរុស្ស៊ីពិតជាកំពុងត្រៀម ក្នុងការឈ្លានអ៊ុយក្រែនក្នុងពេលឆាប់ៗ។

បើតាមលោក ស្ទេហ្វិន វូដ (Stephen) នាយកជាន់ខ្ពស់នៃការិយាល័យព័ត៌មាន របស់ក្រុមហ៊ុន MAXAR បានអះអាងថា យោងទៅលើការតាមដានស្ថានភាពជារួម និងដានលើវាលព្រិលដូចមាននៅក្នុងរូបភាព គេអាចសន្និដ្ឋបានថា វាទើបតែបានកើតមានឡើង កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោក វូដ បានថ្លែងយ៉ាងដូច្នេះទៀតថា «សម្រាប់ខ្ញុំផ្ទាល់ វាជាសញ្ញាបង្ហាញបង្ហាញអំពីការប្រុងជើងការ (របស់រុស្ស៊ី) ដែលទើបត្រូវបានបង្កើន»៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយ៖ Fresh News





No comments:

Post a Comment