លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនឱ្យអ្នកណាមកបំផ្លាញទឹកដីកម្ពុជាដ៏កំសត់នេះបានទេ ដូចនេះវត្តមានរបស់លោកគឺជាវត្តមានចាំបាច់បំផុតដើម្បីរក្សាប្រទេសកម្ពុជាឱ្យស្ថិតក្នុងស្ថានភាពមានសន្តិភាព ចៀសឆ្ងាយពីបដិវត្តន៍ពណ៌ ពីការបំផ្លាញដោយអំពើក្បត់ណាមួយដែលយើងមិនអាចទទួលយកបាន។
លោក ហ៊ុន សែន បានបន្ថែមថា លោករីករាយណាស់ដែលបានចូលរួមចំណែកជាមួយមេដឹកនាំកម្ពុជាគ្រប់រូបតាំងពីដំណាក់កាលដំបូង នាទីដំបូងរហូតមកដល់ពេលនេះ។ លោក ថ្លែងថាបើយើងរក្សាបាននូវសន្តិភាព គឺយើងនឹងរក្សាបាននូវការអភិវឌ្ឍ រក្សាបាននូវអ្វីៗដែលយើងប្រឹងរួមគ្នាកសាងតាំងពីបាតដៃទទេរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ ហើយលោកមិនព្រមដាច់ខាតជាមួយនឹងការបំផ្លាញម្តងហើយម្តងទៀតមកលើប្រទេសកម្ពុជា ទម្រាំបានមកដល់ពេលនេះគឺលំបាកខ្លាំងណាស់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាម និងការទម្លាក់គ្រាប់បែកជិត ៣លានតោនពីសំណាក់សហរដ្ឋអាមេរិកដែលគាំទ្រលោកសេនាប្រមុខ លន់ ណុល ផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំ បែកបាក់ និងប្រជាពលរដ្ឋកំពុងរងគ្រោះពីឥទ្ធិពលនៃគ្រាប់បែកគីមីទាំងនោះផងដែរ៕

No comments:
Post a Comment