Wednesday, September 29, 2021

អភិបាលខេត្តកំពង់ចាម ផ្តល់ថវិកា និងសម្ភារជូនកងកម្លាំងនគរបាល យោធា និងអាវុធហត្ថខេត្ត ដើម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម៖ លោក  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញផ្តល់អំណោយជាថវិកា និងសម្ភារជូនកងកម្លាំងស្នងការដ្ឋាន នគរបាលខេត្ត យោធាខេត្ត  និងកងរាជអាវុធហត្ថខេត្ត ដើម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ -១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទាំង៣ប្រភេទ ដែលកន្លងមកតែងតែខិតខំថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសត្រូវអនុវត្តតាមសេចក្តី ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នូវវិធានការ ៣ការពារ  ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងពេលបំពេញការងារ និងពេលសម្រាកលំហែផងដែរ។

គួរបញ្ជាក់ថា  អំណោយដែល លោកអភិបាលខេត្តផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុង ខេត្តកំពង់ចាម រួមមាន ៖ ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានថវិកាចំនួន ១០លានរៀល   ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល ១៥០លីត្រ ,យោធាខេត្ត ទទួលបានថវិកា ១០លានរៀល   ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល ១៥០លីត្រ និងកងរាជអាវុធហត្ថខេត្តទទួល បានថវិកា  ចំនួន ១០លានរៀល ម៉ាស ១ម៉ឺនសន្លឹក និងទឹកអាល់កុលចំនួន ១៥០លីត្រផងដែរ៕







No comments:

Post a Comment