Thursday, September 30, 2021

វិភាគអន្តរជាតិ៖ វិនាសកម្មនៅពីក្រោយ «នយោបាយដាក់ទណ្ឌកម្ម» របស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ មានប្រទេសជាច្រើននៅជុំវិញពិភពលោកដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្រោមហេតុផលស្ដារប្រជាធិបតេយ្យ និងកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស។ ការដាក់ទណ្ឌកម្មគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃនយោបាយការបរទេសអាមេរិក ប៉ុន្តែទន្ទឹមគ្នាវាក៏បានបង្ក ឱ្យមានគ្រោះមហន្តរាយដល់មនុស្សជាតិ ហើយពេលខ្លះក៏មិនមានប្រសិទ្ធភាព និងត្រូវបានគេចាត់ទុកថាជានយោបាយចាស់គំរិល។

នយោបាយដាក់ទណ្ឌកម្មជាធម្មតា ត្រូវបានអនុវត្តតែទៅលើប្រទេសដែលអាមេរិកចោទថា បានបំផ្លាញនូវគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ និយាយបែប នេះមិនមែនមានន័យថា គ្រប់ប្រទេសដែលត្រូវគេចោទថារំលោភសិទ្ធិមនុស្សសុទ្ធតែអាចជាប់ទណ្ឌកម្មនោះទេ។ ពោលគឺតាមការពិតទៅ ទណ្ឌកម្មមិនមែនសម្រាប់ តែការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះទេ តែរឿងសំខាន់បំផុត វាក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រើផងដែរ ដើម្បីផលប្រយោជន៍អាមេរិក ខណៈប្រទេស ខ្លះទទួលបាន «អភ័យឯកសិទ្ធិ» ពីសហរដ្ឋអាមេរិកដូចជាអ៉ីស្រាអែល ដោយសូម្បីតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏មិនហ៊ានប៉ះដែរ។

* សិទ្ធិមនុស្ស ឬភូមិសាស្ត្រនយោបាយ?

ជាលក្ខណៈទ្រឹស្ដី ទណ្ឌកម្មត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពេញ «កម្មវត្ថុភូមិសាស្ត្រនយោបាយ»។ អ្នកនយោបាយដែលគំាទ្រការដាក់ទណ្ឌកម្ម តែងតែ យល់ថាការដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចអាចនឹងជួយជំរុញឱ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងគោលនយោបាយ រហូតឈានដល់ការផ្លាស់ប្ដូររបបដឹកនាំមួយ។ ថ្នាក់ដឹកនាំអាមេរិក នៅពេលខ្លះក៏បានប្រើប្រាស់ដាក់ទណ្ឌកម្ម ដើម្បីប្ដូររបបដឹកនាំនៃប្រទេសដទៃផងដែរ ដោយពួកគេគិតថាតាមរយៈការដាក់ទណ្ឌកម្ម, វានឹង ដុតបញ្ឆេះកំហឹងរបស់ប្រជាជន, ធ្វើឱ្យពួកគេគិតថាវិបត្តិទាំងឡាយដែលកើតឡើងគឺបង្កឡើងដោយរដ្ឋាភិបាល ហើយងើបឡើងបះបោរ ឬធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលតែម្ដង។

ជាឧទាហរណ៍ជាក់ស្ដែង អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ធ្លាប់បាននិយាយត្រង់ៗថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ នឹងលើកទឹកចិត្តឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរ ឬក៏នឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់របបដឹកនាំអ៉ីរ៉ង់។ ជួនកាលទណ្ឌកម្មត្រូវបានគេរំពឹងថា នឹងជំរុញឱ្យឥស្សរជនជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលងើបឡើងប្រឆាំង នឹងរដ្ឋាភិបាលខ្លួនឯងជាជាងប្រជាជនស៊ីវិលធម្មតា។ ដូចជាកាលពីឆ្នាំ២០១៧ រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបដឹកនាំវេណស៊ុយអេឡារបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដោយ សង្ឃឹមថាក្រុមឧត្តមសេនីយ៍ និងយោធាជាន់ខ្ពស់វេណេស៊ុយអេឡានឹងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូពីតំណែង។

ជាងនេះទៅទៀត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថានឹងការផ្ដាច់ធនធានទាំងឡាយពីរដ្ឋាភិបាលដែលជាគោលដៅនៃការដាក់ទណ្ឌកម្ម ហើយធ្វើបែបនេះគឺដើម្បីជំរុញក្រុមមន្ត្រីរដ្ឋាភិបាលងើបឡើងបះបោរ។ នៅក្នុងករណីនេះ គេអាចយកប្រទេសស៊ីរីមកធ្វើជាឧទាហរណ៍បាន ដោយក្រោយ អតីតរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរីកាលពីខែសីហា ឆ្នាំ២០១១, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនោះ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន បានធានាចំពោះមុខប្រជាជនអាមេរិកថាទណ្ឌកម្មនេះនឹងវាយប្រហារចំបេះដូង នៃរដ្ឋាភិបាលលោកប្រធានាធិបតីស៊ីរី បាស្សា អាល់ អាសាដ ដ្បិតវានឹងកាត់ផ្ដាច់មិនឱ្យលោក អាសាដ មានប្រាក់បើកឱ្យមន្ត្រីរាជការ ជាពិសេសគឺកម្លាំងសន្តិសុខ។

អាមេរិកធ្លាប់បានទទួលជោគជ័យក្នុងការផ្លាស់ប្ដូររបបដឹកនាំមួយចំនួនដែរ កាលពីអតីតកាល ដូចជារបបដឹកនាំរបស់លោក មហាំម៉ាត់ ម៉ូសាដែស (Mohammad Mosaddegh) នៅអ៉ីរ៉ង់, លោក ងូ ឌីន ឌៀម (Ngo Dinh Diem) នៅវៀតណាម និងរបបដឹកនាំរបស់លោក សាល់វ៉ាដ័រ អាលែនដេ នៅស៊ីលី។ ក៏ប៉ុន្តែទណ្ឌកម្ម របស់អាមេរិកនាសម័យទំនើបបច្ចុប្បន្នហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទាល់តែសោះ ហើយពេលខ្លះត្រូវបានគេហៅថាជា «នយោបាយចាស់គំរិល» ទៀតផង។ ដូចជាគុយបា, វេណេស៊ុយអេឡា, អ៉ីរ៉ង់ និងកូរ៉េខាងជើងជាដើម ដែលប្រទេសទាំងនៅតែបន្តដកដង្ហើមបាន បើទោះជាពួកគេកំពុងស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកក៏ដោយ។ អ្នកជំនាញបានព្យាយាមពន្យល់ថាទណ្ឌកម្មអាមេរិកអាចទទួលជោគជ័យនៅក្នុងសំណុំរឿងតូចតាចតែប៉ុណ្ណោះ តែនៅពេលនិយាយ ដល់ការផ្លាស់ប្ដូរររបបដឹកនាំ វាហាក់ដូចជាសឹងតែមិនដំណើរ ហើយមានហេតុផលសំខាន់មួយដែលគេអាចយកមកសំអាងបាន នោះគឺនៅពេលអាមេរិកដាក់ទណ្ឌកម្ម លើប្រទេសណាមួយ មហាអំណាចផ្សេងៗដូចជា ចិនតែងតែងចេញមុខធ្វើជាវីរៈបុរសជិះសេះសទៅសង្រ្គោះប្រទេសទាំងនោះ នៅពេលដែលផល ប្រយោជន៍តម្រូវឱ្យធ្វើដូច្នេះ។

* ទណ្ឌកម្មអាមេរិក តែងតែបង្កវិនាសកម្មដល់មនុស្សជាតិ?

ក្រុមអ្នករៀបចំគោលនយោបាយអាមេរិកយល់ថា ការដាក់ទណ្ឌកម្ម គឺជានយោបាយមួយដែលមានគោលដៅជាក់លាក់លើថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ឬរបបដឹកនាំមួយ។ តែជាក់ស្ដែង នៅពេលទណ្ឌកម្មត្រូវបានអនុវត្ត ប្រជាជនសាមញ្ញស្លូតត្រង់ជាពិសេស ស្ត្រីមានផ្ទៃពោះ, ទារក, អ្នកជំងឺ, មនុស្សចាស់ និងកុមារ តែងតែក្លាយជា អ្នករងគ្រោះធ្ងន់ធ្ងរជាងគេទៅវិញ ហើយជួនកាលវាក៏បណ្ដាលឱ្យពួកគេបាត់បង់ជីវិតថែមទៀតផង។ ជាឧទាហរណ៍ ទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកបានដាក់លើ ប្រទេសអ៉ឺរ៉ាក់កាលពីទសវត្សរឆ្នាំ១៩៩០ ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យកុមារច្រើនជាង ៥០០,០០០នាក់បាត់បង់ជីវិត។ ចំណែកឯរបាយការណ៍មួយរបស់ អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ បានបង្ហាញថាទណ្ឌកម្មអាមេរិកលើប្រទេសហៃទី បានផ្ដាច់ជីវិតកុមារ ១,០០០នាក់ក្នុងមួយខែនៅពេលនោះ។

ដោយឡែក នៅអ៉ីរ៉ង់ ទណ្ឌកម្មអាមេរិកក៏បានចូលរួមចំណែកធ្វើឱ្យមនុស្សប្រមាណជា ១,៦០០នាក់ស្លាប់ដោយសារវីរុស H1N1 កាលពីឆ្នាំ២០១៩ ផងដែរ។ ដ្បិត ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច វាធ្វើឱ្យអ៉ីរ៉ង់ជួបឧបសគ្គក្នុងការនាំចូលបរិក្ខាពេទ្យ និងទទួលជំនួយនានាពីបរទេស ហើយនេះមិនទាន់រាប់បញ្ចូលជនរងគ្រោះដទៃ ទៀតនៅក្នុងប្រទេសដែលជាប់ទណ្ឌកម្មអាមេរិក ដូចជាស៊ីរី, វេណេស៊ុយអេឡា និងកូរ៉េខាងជើងផង។

គួរបញ្ជាក់ថា ទណ្ឌកម្មមិនមែនសម្រាប់តែការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះទេ តែវាក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រើផងដែរដើម្បីបង្ខំឱ្យប្រទេស ដទៃធ្វើតាមខ្លួន ឬទុកប្រឆាំងនឹងបណ្ដាប្រទេសដែលជាប់ចោទថាប្រឆាំងនឹងផលប្រយោជន៍អាមេរិក។ ប្រទេសខ្លះទទួលបាន «អភ័យឯកសិទ្ធិ» ពីអាមេរិក ដូចជា អ៉ីស្រាអែល ដោយសូម្បីតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏មិនអាចប៉ះពាល់បានផងដោយសារអាមេរិកកាងនៅពីក្រោយ បើទោះជាអ៉ីស្រាអែលរងការ ចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ឬរំលោភសិទ្ធិមនុស្សប្រឆាំងប្រជាជនប៉ាឡេស្ទីនក៏ដោយ។

នៅក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi កាលពីឆ្នាំ២០១៨ កាន់តែបង្ហាញយ៉ាងច្បាស់ថា ទណ្ឌកម្មអាមេរិកត្រូវប្រើ របៀបណា ឬក៏ប្រឆាំងនឹងអ្នកណា។ ក្រុមអ្នកស៊ើបអង្កេរ UN និងសភាអាមេរិកសុទ្ធតែធ្វើការសន្និដ្ឋានដូចគ្នាថា ឃាតកម្មលើលោក Jamal Khashoggi មានជាប់ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកំពូលអារ៉ាប៊ីសាអូឌីត។ តែរដ្ឋបាលលោក បៃដិន មិនបានធ្វើអ្វីនោះទេ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដោយផ្ទាល់លើរាជវង្សអារ៉ាប៊ីសាអូឌីតឡើយ ដោយសំអាងថា «ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតគឺមានភាព ធំធេង ជាជាងបុគ្គលតែម្នាក់»៕


ប្រភព៖ Cato Institute (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News



No comments:

Post a Comment