Friday, October 01, 2021

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការដោះលែងរថយន្តល្មើសដឹកលើសទម្ងន់ គ្មានជាលើកទី២នោះឡើយ (មានវីដេអូ)

  (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការដោះលែងរថយន្តដឹកលើសទម្ងន់កំណត់ទាំង២២៩គ្រឿង មុនកាលកំណត់នេះ ចាប់ផ្តើមអនុវត្តចាប់ពីពេលនេះដល់ថ្ងៃទី១៨ ខែតុលា ដែលជាទឹកចិត្តដ៏ល្អប្រសើររបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងជាសារមួយដាស់តឿនដល់អ្នកបើកបររថយន្ត និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន បញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់ទៀត ព្រោះនេះជាការដោះលែងជាលើកទី១ និងជាលើកចុងក្រោយហើយ មិនមានទៀតនោះទេ។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កំណត់ចំនួន២២៩គ្រឿង មុនកាលកំណត់ ក្រោយពីមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «សម្តេចបានផ្តល់អនុសាសន៍ថា យើងត្រូវតែខិតខំរឹតបន្តឹងច្បាប់នេះថែមទៀត នេះជាលើកទី១និងជាលើកចុងក្រោយហើយ ដែលយើងអនុញ្ញាតដោះលែងរថយន្តដែលបានឃាត់ទុកក្នុងរយៈពេល១ឆ្នាំនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែររបស់យើង និងការរីកចំរើនឡើងវិញនូវសេដ្ឋកិច្ច របស់យើងដោយយករថយន្តនោះមកធ្វើអាជីវកម្ម ដើម្បីជួយទ្រទ្រង់នៃការរីកចំរើនសេដ្ឋកិច្ចជាតិរបស់យើង ប៉ុន្តែអត់មានលើកទី២ទេ»។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការដោះលែងរថយន្តទាំង២២៩គ្រឿង គឺដើម្បីជាការអបអរនូវការគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ និងបានបើកដំណើរការ សាលារៀនឡើងវិញ ក្នុងនោះដំណើរការសេដ្ឋកិច្ចក៏នឹងចាប់ផ្តើមរីកចំរើនឡើងវិញដែរ ដែលត្រូវការរថយន្តទាំងនេះដើម្បីចូលរួមក្នុងការដឹកជញ្ជូនទំនិញដើម្បីបំរើ ដល់សេដ្ឋកិច្ចរបស់ជាតិ ហើយការដោះលែងនេះដែរក៏ជាសារមួយផ្ញើទៅកាន់អ្នកបើកបររថយន្តធន់ធ្ងន់ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ត្រូវតែបញ្ឈប់ការដឹកជញ្ជូន លើសទម្ងន់កំណត់នេះបន្តទៀត ដើម្បីកុំឱ្យផ្លូវឆាប់ខូច និងបង្ករជាគ្រោះថ្នាក់ផ្សេងៗ ដោយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាផ្លូវថ្នល់ឱ្យប្រើប្រាស់យូរអង្វែង។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា កាដោះលែងនេះដែរនឹងចាប់ផ្តើមចាប់ពីពេលនេះដល់ថ្ងៃទី១៨ ខែតុលា ចំពោះតែយានយន្តណាដែលបានបង់ប្រាក់ផាកពិន័យរួច ប៉ុណ្ណោះ ហើយរថយន្តដែលមិនទាន់បានបង់ការផាកពិន័យ ត្រូវបង់ឱ្យបានមុនថ្ងៃទី១៨នេះ បើកមិនដូចនេះទេរថយន្តនឹងនៅតែបន្តឃាត់ទុក មិនមែនការដោះលែង មុនកាលកំណត់នេះ ទៀតទេ។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំដល់មន្ត្រីជំនាញក្រសួងសាធារណការ និងក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កំណត់ទាំងអស់ ត្រូវបន្តធ្វើការរឹតបន្តឹងច្បាប់នេះឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ក្រោយពីការដោះលែងរថយន្តដឹកលើកទម្ងន់ ទាំង២២៩គ្រឿងនេះ នឹងត្រូវបន្តណែនាំដល់ អ្នកបើកបររថយន្ត ត្រូវបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់នេះបន្តទៀត ដើម្បីចួលរួមជួយថែរក្សាផ្លូវថ្នល់។

សូមបញ្ជាក់ថា នៅក្នុងមាត្រា ៦០. អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែល៖

ទី១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០០ ០០០រៀល។

ទី២៖ ផ្ទុកទម្ងន់មិនលើស៥ (ប្រាំ)ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ។

ទី៣៖ ផ្ទុកទម្ងន់លើសពី ៥(ប្រាំ)ភាគរយ ទៅ ១០ (ដប់)ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ រើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន១០ (ដប់)ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០០ ០០០រៀល ក្នុងទម្ងន់១តោន។ ដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។

ទី៤៖ ផ្ទុកទម្ងន់លើសពី១០ភាគរយ ទៅ ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ ៖ រើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន ១(មួយ)ខែ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២០០ ០០០រៀល ក្នុងទម្ងន់១តោន។ ដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។

ទី៥៖ ផ្ទុកទម្ងន់លើសពី២០(ម្ភៃ)ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ រើទំនិញចេញនិងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ និងពិន័យអន្តរការណ៍ជា ប្រាក់ចំនួន ៣០០ ០០០រៀល ក្នុងទម្ងន់១តោន។ ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ៕











No comments:

Post a Comment