Saturday, September 16, 2023

បទវិភាគ៖ តើអ្នកណាជាការគំរាមកំហែងដ៏ធំបំផុតក្នុងលំហបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក? សហរដ្ឋអាមេរិកបានផ្តល់ចម្លើយជាស្រេចតាមរយៈទង្វើរបស់ខ្លួន

(ប៉េកាំង)៖ ពេលថ្មីៗនេះ សំណុំរឿងពាក់ព័ន្ធនឹងសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យ នៃប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទទួលបានការវាយទម្លុះដ៏សំខាន់ ។ ពេលធ្វើការស៊ើបអង្កេតចំពោះសំណុំរឿងនេះ បុគ្គលិកចិនបានកំណត់ច្បាស់ពីអត្តសញ្ញាណពិតប្រាកដ របស់បុគ្គលិកការងារនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)តាមរយៈការធ្វើវិភាគខាងបច្ចេកទេសចំពោះ កម្មវិធីចារកម្មមួយឈ្មោះ"SecondDate" ។ ការរកឃើញដ៏សំខាន់នេះបានក្លាយជាភស្តុតាងថ្មីមួយទៀតដែលអាចបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេតទៅលើប្រទេសផ្សេងទៀត ។


យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិ ដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិនឱ្យដឹងថា កម្មវិធី"SecondDate"ជាអាវុធចារកម្មតាមបណ្តាញអ៊ីនធើណេត ដែលអភិវឌ្ឍដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ដែលអាចសម្រេចបាននូវមុខងារដែលមានចេតនាអាក្រក់ជាច្រើន ដូចជា ការលួចស្តាប់និង"ឆក់យក"តាមបណ្តាញអ៊ីនធើណេត ការវាយប្រហារតាមរយៈអន្តរការីនិងការបញ្ចូលលេខកូដ ដែលមានចេតនាអាក្រក់ជាដើម ហើយវាក៏អាចរួមសហការជាមួយកម្មវិធី ដែលមានចេតនាអាក្រក់ផ្សេងទៀតដើម្បីសម្រេចបាននូវសកម្មភាព "ចារកម្ម" ដ៏ស្មុគស្មាញតាមបណ្តាញអ៊ីនធើណេតផងដែរ ។ ប៉ុន្តែ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ស្ទើរតែក្នុងពេលដំណាលគ្នា ក្រសួងការពារជាតិអាមេរិកបានប្រកាសជាសាធារណៈ នូវសេចក្តីសង្ខេបនៃ«យុទ្ធសាស្ត្រតាមបណ្តាញអ៊ីនធើណេតឆ្នាំ ២០២៣»ដែលឃោសនាបំប៉ោងម្តងទៀតនូវអ្វីដែលហៅថា "ការគំរាមកំហែងពីប្រទេសចិន"។

គិតតាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ជាប្រព័ន្ធនូវអ្វីដែលហៅថា យុទ្ធសាស្ត្រ"ដាក់ឈ្មោះ"ដើម្បីលាបពណ៌ប្រទេសចិន ជុំវិញបញ្ហាសន្តិសុខតាមបណ្តាញអ៊ីនធើណេត ប៉ុន្តែអ្វីទាំងអស់គ្មានភស្តុតាងអាចបញ្ជាក់ពីចំណុចនេះនោះឡើយ ។ ផ្ទុយទៅវិញ ទង្វើអាក្រក់របស់អាមេរិកក្នុងការលួចស្តាប់ ប្រទេសដទៃត្រូវបានលាតត្រដាងជាបន្តបន្ទាប់ សូម្បីតែវាក៏ត្រូវបញ្ជាក់ថែមមួយកម្រិតទៀតថា សហរដ្ឋអាមេរិកបាននិងកំពុងលួចស្តាប់យក ការណ៍សម្ងាត់ពីទូទាំងពិភពលោកក្នុងរយៈពេលជាយូរណាស់មកហើយ។ បន្ទាប់ពីហេតុការណ៍ "PRISM" ត្រូវបានបែកធ្លាយកាលពីខែមិថុនា ឆ្នាំ ២០១៣ លោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុនម៉ៅសេវាកម្មដល់ កិច្ចការពារជាតិរបស់អាមេរិកបានផ្តល់ភស្តុតាងដ៏ពិតប្រាកដ ដើម្បីលាតត្រដាងរដ្ឋាភិបាលអាមេរិកដែលបានលួចស្តាប់ យ៉ាងទូលំទូលាយចំពោះទូរស័ព្ទទាំងជាតិនិងអន្តរជាតិ ក៏ដូចជាទូរគមនាគមន៍តាមបណ្តាញអ៊ីនធើណេតផងដែរ ក្នុងនោះបូករួមទាំងការវាយលុកចូលក្នុងម៉ាស៊ីមេ របស់ទីស្នាក់ការទូទៅនៃក្រុមហ៊ុន Huawei របស់ចិនក្នុងរយៈពេលជាយូរនិងការឃ្លាំមើល និងត្រួតពិនិត្យទូរគមនាគមន៍របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រុមហ៊ុន Huawei ជាដើម ។

កាលពីខែមិថុនា ឆ្នាំ ២០២២ សកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរងការវាយប្រហារតាមបណ្តាញអ៊ីធើណេត ហើយក្រុមពួក Hacker ដែលមកពីក្រៅប្រទេសប៉ុនប៉ងលួចយកទិន្នន័យពាក់ព័ន្ធ ។ បន្ទាប់ពីនោះ ប្រទេសចិនបានឆែករកឃើញដោយជោគជ័យ នូវបាតដៃខ្មៅនៅពីក្រោយហេតុការណ៍វាយប្រហារ តាមបណ្តាញអ៊ីនធើណេតលើកនេះ គឺ ការិយាល័យប្រតិបត្តិការលុកលុយជាពិសេស(TAO)ដែលស្ថិតនៅក្រោមឱវាទនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA។ មើលពីករណីមួយចំនួនទាំងនេះ អាចបញ្ជាក់ថា ប្រទេសចិនទើបជាអ្នករងគ្រោះដ៏សំខាន់មួយនៃការលួចយក ការណ៍សម្ងាត់តាមបណ្តាញអ៊ីធើណេតរបស់សហរដ្ឋអាមេរិក នេះមានភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន។

តាមស្ថិតិពីលោក Glenn Greenwald អតីតអ្នកសារព័ត៌មាននៃកាសែត«Guardian»របស់អង់គ្លេសដែលបានរាយការណ៍ អំពីហេតុការណ៍"PRISM" បង្ហាញឱ្យឃើញថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ធ្លាប់បានលួចយកពីចម្ងាយចំពោះអ៊ីម៉ែលចំនួន ៩៧ ពាន់លានច្បាប់និងទិន្នន័យទូរស័ព្ទចំនួន ១២៤ ពាន់លាននៅទូទាំងពិភពលោកក្នុងរយៈពេល ៣០ ថ្ងៃ ក្នុងនោះបូករួមទាំង ៥០០ លានច្បាប់នៅប្រទេសអាល្លឺម៉ង់ ៧០ លានច្បាប់នៅប្រទេសបារាំងនិង ៦០ លានច្បាប់នៅប្រទេសអេស្ប៉ាញ ។ ដើម្បីរក្សាទុកទិន្នន័យយ៉ាងច្រើនសន្ធឹក ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ក៏បានសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុត នៅទូទាំងសហរដ្ឋអាមេរិកនៅរដ្ឋ Utah ដែលអាចរក្សាទុកបាន នូវទិន្នន័យទូរគមនាគមន៍អេឡិចត្រូនិកទូទាំងពិភពលោករយៈពេល ១០០ ឆ្នាំ ។

តើអ្នកណាបាននិងកំពុងលួចស្តាប់និងលួចយកការណ៍សម្ងាត់ ក្នុងកម្រិតដូចគ្នាចំពោះបណ្តាប្រទេសនានាលើពិភពលោក ? តើអ្នកណាជាការគំរាមកំហែងដ៏ធំបំផុត ក្នុងលំហបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក ? សហរដ្ឋអាមេរិកបានផ្តល់ចម្លើយជាស្រេចតាមរយៈទង្វើរបស់ខ្លួន ។ ជឿជាក់ថា ស្របនឹងពេលដែលសមត្ថភាពគាំពារសន្តិសុខ តាមបណ្តាញអ៊ីនធើណេតនៃបណ្តាប្រទេសនានា ត្រូវបានកែលម្អជាបន្តបន្ទាប់ យុគសម័យដែលអាមេរិកអនុវត្តអនុត្តរភាព តាមតែទំនើងចិត្តក្នុងលំហបណ្តាញអ៊ីនធើណេត ពិតជានឹងបញ្ចប់ដោយបរាជ័យជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន



No comments:

Post a Comment