Saturday, September 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ បន្តដំណើរចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០

(ប៉េកាំង, ចិន)៖ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិក្សាការងារជាមួយមេដឹកនាំចិន រួមមាន លោក ស៊ី ជិនពិង ប្រធានាធិបតីចិន លោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្នុងដំណើរទស្សនកិច្ចនេះ មានឯកសាររហូតដល់ទៅ១៥ ត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មជាដើម។

ជំនួបទាំងនេះមេដឹកនាំកម្ពុជា និងមេដឹកនាំចិន បានបង្ហាញជំហរនយោបាយទ្វេភាគី តំបន់ និងអន្តរជាតិ ព្រមទាំងប្រកាសបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឱ្យកាន់តែខ្លាំងក្លាជាប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងបន្តប្រកាន់នយោបាយចិនតែមួយមិនប្រួលប្រែនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសយកប្រទេសចិន ជាប្រទេសបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស​លើកដំបូង​ ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាល។

តាមរយៈការជ្រើសយកប្រទេសចិន ជាគោលដៅទស្សនកិច្ចផ្លូវការលើកដំបូងនេះ នាំឱ្យការវាយតម្លៃថា នយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងដ៏ស្អិតល្មួតជាប្រវេណី ជាទំនាក់ទំនងរឹងមាំដូចដែកថែម ទំនាក់ទំនង ដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នារយៈពេល៦៥ឆ្នាំមកហើយនោះ។

មេដឹកនាំចិន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះនយោបាយការបរទេសរបស់សម្តេចធិបតី ចំពោះការជ្រើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្នុងអំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា៕







No comments:

Post a Comment