ក្រោយពីចិនស្នើពន្ធនាំចូលសងសឹកវិញទៅលើអាមេរិក តម្លៃទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយមានការភ័យខ្លាចថា ការយកពន្ធនាំចូលដែលមានចរិកពុះកញ្ជ្រោលរបស់លោក Trump អាចធ្វើ ឱ្យសេដ្ឋកិច្ចថមថយ។
មានការភ័យខ្លាចថា លោក Donald Trump កំពុងតែដាក់ឱ្យអាមេរិកស្ថិតនៅក្នុងស្ថានភាព ស្មុគស្មាញនៃសង្គ្រាមពាណិជ្ជកម្មដែលកាន់តែខ្លាំងឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីចិនបានដាក់ពន្ធកំហិតនាំចូលសងសឹកវិញទៅលើអាមេរិក ហើយបានធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនធ្លាក់ចុះ។
តាមការស្ទង់របស់សារព័ត៌មាន Dow Jones ផ្នែកឧស្សាហកម្មមានការធ្លាក់ចុះ ហើយឈានទៅដល់ទីផ្សារនៅអឺរ៉ុប និងអាស៊ីដោយសារតែមានការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មដែលកាន់តែមានសន្ទុះខ្លាំងឡើងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតពីរនេះ។
បន្ទាប់ពីអាមេរិកបានបង្ហាញផែនការចំពោះការកំណត់ពន្ធគយនៅទឹកប្រាក់ ៥០ ប៊ីលានដុល្លារ អាមេរិក ក្នុងការនាំទំនិញចិនចូលនៅថ្ងៃអង្គារនេះ ចិនក៏បានវាយបកទៅវិញដោយមានផែនការយកពន្ធ ៥០ ប៊ីលានដុល្លារអាមេរិក ចំពោះផលិតផលអាមេរិក រាប់បញ្ចូលទាំងសាច់គោ រថយន្ត យន្តហោះ សណ្តែកសៀង និងស្រាវីសស្គី។
លោក Trump បានអះអាងកាលពីខែមុនថា សង្គ្រាមពាណិជ្ជកម្មគឺជារឿងល្អ ហើយងាយឈ្នះ។
ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់សណ្តែកអាមេរិក។ ហើយសមាគមន៍សណ្តែកសៀងអាមេរិក ដែលជាក្រុមតំណាងឱ្យអ្នកផលិតចំនួន ២១០០ បានព្រមានថា ការដែលចិនលើកឡើងនៅពន្ធគយ ២៥ ភាគរយ ទៅលើសណ្តែកសៀងអាមេរិកនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកសិករ អាមេរិក។ ខ្លួនបានប៉ាន់ស្មានថា កសិករអាមេរិកបាត់បង់លុយប្រហែល ១,៧២ ប៊ីលានដុល្លារអាមេរិកនៅថ្ងៃពុធ នេះ សម្រាប់តែសណ្តែកសៀងមួយមុខទៅពេលអនាគត។
លោក John Heisdorffer ជាកសិករនៅរដ្ឋ Iowa និងជាប្រធាននៃសមាគមន៍នេះនិយាយថា «លុយពិតប្រាកដដែលខាត់សម្រាប់កសិករ គឺជារឿងដែលអាចទប់ស្កាត់បានទាំងស្រុង»។ គាត់បានអំពាវនាវទៅដល់សេតវិមាន ដើម្បីលុបចោលនូវផែនការពន្ធគយដែលបានស្នើឡើងរបស់ ខ្លួន។ ក្រុមហ៊ុនផលិតរថយន្ត Ford និងក្រុមហ៊ុន General Motors ក៏បានចេញសេចក្តីថ្លែងការណ៍សុំឱ្យមានការបន្តការពិភាក្សា ដើម្បីដោះស្រាយភាពតានតឹងពាណិជ្ជកម្មដែលកំពុងតែធ្ងន់ធ្ងរឡើងនេះ។
កាលពីថ្ងៃពុធ លោក Trump ក៏បាននិយាយបន្ធូរស្ថានការណ៍ស្តីពីកង្វល់ទៅលើការខូចខាតដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះ។
គាត់បានសរសេរបដិសេធតាម Twitter របស់គាត់ថា «យើងមិនមែនស្ថិតនៅក្នុងសង្គ្រាមជាមួយចិននោះទេ ក៏ប៉ុន្តែជាសង្គ្រាមដែលយើងចាញ់ជាច្រើនឆ្នាំមកហើយ ដោយសារតែភាពល្ងង់ខ្លៅ ឬអសមត្ថភាពរបស់មនុស្សដែលតំណាងឱ្យអាមេរិក។ ឥឡូវនេះយើងមានឱនភាពជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ ហើយមានចោរលួចផ្នែកកម្មសិទ្ធិបញ្ញា មានទឹកប្រាក់រហូតទៅដល់ ៣០០ ប៊ីលានដុល្លារអាមេរិកថែមទៀត។ យើងមិនអាចចេះតែឱ្យស្ថានភាពនេះចេះតែបន្តកើនមានទៅទៀតនោះទេ»។
លោកប្រធានាធិបតីបាននិយាយបន្ថែមទៀតថា «នៅពេលដែលអ្នកទម្លាក់ជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ីលានដុល្លារទៅហើយនោះ អ្នកមិនអាចចាញ់បានទេ»។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross ក៏បានទាមទារឱ្យមានភាពស្ងប់ស្ងៀម។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC លោក Ross បាននិយាយថា ការដែលចិនប្រកាសកំណត់ពន្ធគយនោះ មានត ០,៣ ភាគរយនៃផលិតផលសរុបអាមេរិក។ ដូច្នេះវា មិនមែនជាការសកម្មភាពគំរាមកំហែងដល់ជីវិត។
លោក Ross បាននិយាយថា ការដែលអាមេរិកដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងចិនបានកើតមានឡើងមួយរយៈ ដោយសារតែឥរិយាបថកេងប្រវ័ញ្ចរបស់ចិនទាក់ទងទៅនឹងបច្ចេកវិទ្យា។ លោក Ross និយាយថា យើងកំពុងតែនិយាយអំពីភាគីទាំងសងខាង ហើយវាគ្រាន់តែប៉ះពាល់ ១ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ការកំណត់ពន្ធគយថ្មីនេះមិនទាន់ចូលជាធរមានភ្លាមនៅឡើយទេ។ រដ្ឋាភិបាលអាមេរិកកំពុងតែអញ្ជើញឱ្យមហាជនមានយោបល់ស្តីអំពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃ១១ ឧសភា ហើយនិងបើកស្តាប់សវនាការស្តីពីផែនការនេះនៅថ្ងៃ១៥ ឧសភា។ ចំណែកចិនវិញមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការចូលជាធរមានចំពោះពន្ធគយ ២៥ ភាគរយនៅឡើយ ដោយនិយាយថា ខ្លួនកំពុងរង់ចាំមើលទង្វើរបស់លោក Trump សិន។
ស្ត្រីអ្នកនាំពាក្យលោកស្រី Sarah Sanders និយាយនៅសេតវិមានថា «យើងនឹងពិនិត្យពិច្ច័យ នៅក្នុងរយៈពេលនេះ យើងមានសំណាងហើយ ដោយសារតែយើងមានអ្នកចរចាដ៏ល្អបំផុតនៅក្នុងតុតំណាងឱ្យប្រធានាធិបតី។
លោកស្រីបានមានប្រសាសន៍បន្ថែមថា ចិនជាអ្នកបង្កើតបញ្ហានេះឡើង មិនមែនប្រធានាធិប តី Trump ទេ។ យើងប្រហែលជារងការឈឺចាប់រយៈពេលខ្លី ក៏ប៉ុន្តែយើងនឹងទទួលជ័យជំនះរយៈពេលវែង»។
ចិនទទួលបានអតិរេកជញ្ជីងពាណិជ្ជកម្មជាមួយអាមេរិក ចំនួនទឹកប្រាប់ ៣៧៥ ប៊ីលានដុល្លារនៅឆ្នាំ២០១៧។ ចិនបាននិយាយថា ខ្លួនបានស្នើឱ្យមានការពិភាក្សានៅអង្គការពាណិជ្ជកម្មពិភពលោកជាការឆ្លើយតបទៅនឹងពន្ធគយអាមេរិក ស្ថានភាពនេះដែលតម្រូវឱ្យយន្តការដោះស្រាយរបស់អង្គការ WTO ចំពោះជម្លោះនេះ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «ចិននៅតែបើកទ្វារចំហសម្រាប់ការចរចាដែលនៅសេសសល់ជាមួយអាមេរិក ក៏ប៉ុន្តែអាមេរិកបានខកខានឱកាសនេះម្តងហើយម្តងទៀត»។
លោក William Zarit ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា «ក្រុមហ៊ុនអាមេរិកនៅពេលនេះ ចង់ឃើញការចរចាដ៏ស្រស្រាក់ស្រស្រាំរវាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលចិន និងការចរចាបែបស៊ីជម្រៅទៅលើភាគីទាំងសងខាង ហើយសង្ឃឹមថា នឹងអាចចៀសវាងសង្គ្រាមពាណិជ្ជកម្មបាន។ ខ្ញុំគ្រាន់តែអាចសង្ឃឹមថា យើងអាចដោះស្រាយភាពខ្វែងយោបល់របស់យើងឆាប់ៗដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសការខូចខាតទៅដល់សេដ្ឋកិច្ចអាមេរិក ចិន និងចំពោះក្រុមហ៊ុនអាមេរិក»។
ការសរសើររបស់លោក Trump ចំពោះប្រធានាធិបតី Xi Jinping ហើយការអះអាងរបស់គាត់ថា ពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនល្អ ហើយមិនទាន់បានទប់ស្កាត់នៅការគំរាមកំហែងចំពោះពន្ធគយនៅឡើយទេ។ ប្រហាក់ប្រហែលនឹងគ្នានេះដែរ លោក Trump បន្តនិយាយថា គាត់នឹងព្យាយាមដើម្បីឱ្យចុះសម្រុងនឹងគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់ពួកគេទាំងពីរមានភាពល្វីងជូរចត់ក៏ដោយ៕
ប្រភព៖ The Guardian ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨
No comments:
Post a Comment