Tuesday, April 10, 2018

តើនរណាជាអ្នកឈ្នះ និងចាញ់នៅក្នុងសង្គ្រាម អាមេរិក-ចិន?

នៅពេលដែលជម្លោះពាណិជ្ជកម្ម ចិន-អាមេរិក កើតមានឡើង ប្រទេសទាំងអស់នៅក្នុងពិភព​លោក​កំពុង​​តែស្តារស្ថានភាពខ្លួនឯងឡើងវិញ ចំពោះការបែកបាក់ដែលកើតចេញពីជម្លោះរវាង​មហា​សេដ្ឋកិច្ចដ៏ធំជាងគេបំផុតពីរនៅក្នុងលោកនេះ។

កាលពីថ្ងៃពុធ ចិនបានប្រកាសពន្ធគយបន្ថែមទៅលើផលិតផលអាមេរិកដែលមានទឹកប្រាក់ ៥០ ប៊ីលានដុល្លារ​អាមេរិក រាប់បញ្ចូលទាំងរថយន្ត និងសណ្តែកសៀង បន្ទាប់ពីអាមេរិកប្រកាសពន្ធ​គយ​ប្រហាក់ប្រហែលគ្នានេះស្តីពីទំនិញចិន ក្រោយពីមានការស៊ើបអង្កេតរបស់ខ្លួននៅក្នុងរឿងករណី​ចោរលួចកម្ម​សិទ្ធិ​បញ្ញាចិន។

វិធានការសងសឹកគ្នាទៅវិញទៅមកនេះ បានបង្កឱ្យមានភាពភ័យខ្លាចនៅក្នុងសង្គ្រាមពាណិជ្ជ កម្មពេញទំហឹងតែម្តង ដែលធ្វើឱ្យមានផលប៉ះពាល់ទូទាំងពិភពលោក។ នៅដើមសប្តាហ៍នេះ ចិនបានដាក់កំហិតពន្ធគយដែលមានទឹកប្រាក់ ៣ ប៊ីលានដុល្លារអាមេរិក ទៅលើទំនិញអាមេរិក ១២៨ មុខ ជាការសងសឹកចំពោះពន្ធគយអាមេរិកមុននេះ ទៅលើអាលុយមីញូម និងដែកថែបរបស់ចិន។

អ្នកវិភាគមួយចំនួននិយាយថា គ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ ក៏ប៉ុន្តែ​ផល​ប៉ះ​ពាល់​ទៅលើសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត មានស្ថានភាពខុសៗគ្នា ហើយនៅក្នុងករណីខ្លះ​ទៀតនោះ ប្រហែលក្លាយទៅជាវិជ្ជមានទៅវិញ។

អ្នកចាញ់

អ្នកវិភាគមួយចំនួនបាននិយាយថា សេដ្ឋកិច្ចអាស៊ីដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក និង​ចិននឹងប្រឈមនូវបន្ទុកដែលកើតចេញពីផលវិបាកនៃជម្លោះពាណិជ្ជកម្មនេះ។

លោក Steven Schwartz នាយកជាន់ខ្ពស់សម្រាប់កិច្ចការត្រួតពិនិត្យវាយតម្លៃកម្រិតនៅក្រុមហ៊ុន Fitch ប្រចាំអាស៊ីបាននិយាយថា កូរ៉េខាងត្បូង តៃវ៉ាន់ និងម៉ាឡេស៊ី ដែលប្រទេសទាំងអស់នោះនាំចេញផលិតផលគ្រឿងបន្លាស់ម៉ាស៊ីន និងសម្ភារៈបរិក្ខារផ្នែកសារគមនាគមន៍ ដែលបានប្រើប្រាស់នូវគ្រឿងផលិតកម្មដែលចិនលក់ទៅអាមេរិកនោះ គឺងាយរងគ្រោះ។

លោក Tommy Wu សេតវិទូជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ផ្នែកសេដ្ឋកិច្ចបាននិយាយ​ថា ជប៉ុន​ដែលជាអ្នកនាំចេញដ៏ធំបំផុតមួយ ក៏អាចទទួលរងហានិភ័យផងដែរ។ ប្រទេសនេះនាំទំនិញ​ចេញគិត​ជាទឹកប្រាក់ជិត ៧០០ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយចិន និងអាមេរិក​គឺ​ជាដៃគូពាណិជ្ជ​កម្ម​ដ៏ចម្បងរបស់ជប៉ុន។

ការនាំចេញសំខាន់ៗរបស់ជប៉ុនមាន រថយន្ត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ក៏ដូចជាដែក និង​ដែក​ថែបផងដែរ ផលិតទាំងអស់នេះសុទ្ធតែមានការភ័យខ្លាចនៅខណៈដែលមានភាពតាងតឹងរវាង​ចិន និងអាមេរិក។

ក្រុមហ៊ុនចិនដីគោក ថ្មីៗនេះបាននាំទំនិញចូលផ្នែកគ្រឿងអេឡិចត្រូនិកម៉ៃក្រូឈីប (Micro-chips) ដែល​មានទឹកប្រាក់ជិត ២០០ ប៊ីលានដុលា្លរអាមេរិក ក្នុងមួយឆ្នាំ ភាគច្រើននៃទំនិញទាំងនោះមកពីកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់។

កាសែត Financial Times ថ្មីៗនេះបានចុះផ្សាយថា បើសិនជាចិនចង់ធ្វើសម្បទានដល់អាមេរិក ដែលក្នុងនោះអាមេរិកបានអំពាវនាវដល់ចិន ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក ដែល​មានទឹកប្រាក់ ១០០ ប៊ីលានដុលា្លរអាមេរិក។ ចិនក៏អាចធ្វើដូច្នេះផងដែរ តាមរយៈការបង្កើនការទិញទំនិញផ្នែកគ្រឿងអេឡិចត្រូនិកឈីបពីអាមេរិក។

ហានិភ័យសេដ្ឋកិច្ចមួយទៀតគឺសម្រាប់ហុងកុង ដែលជាច្រកចេញដ៏ច្រើនផ្នែកពាណិជ្ជកម្មរវាង​ចិន​ដី​​គោក និងអាមេរិក។

លោក Paul Chan Mo-po ជារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំក្រុងហុងកុងនេះបានព្រមានថា ការកើនឡើងជម្លោះ​ពាណិជ្ជកម្មអាចធ្វើឱ្យប៉ះពាល់ការងារមួយក្នុងចំណោម ៥ នៅហុងកុង។

គាត់សរសេរនៅក្នុង Blog ថា «ពាណិជ្ជកម្មសេរីគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ជ័យជម្នះរបស់យើង ការផ្គត់ផ្គងសម្ភារៈ និងការងារពាណិជ្ជកម្មគឺជាសសរស្តម្ភឧស្សាហកម្មរបស់ហុងកុង ដោយ​សារ​តែឧស្សា​ហកម្ម​នេះបានរួមចំណែក ២២ ភាគរយនៃ GDP និងផ្តល់ការងារជាង ៧៣០ ០០០ នាក់​»។

អ្នកឈ្នះ

ការដាក់កំហិតពន្ធ ២៥ ភាគរយថ្មីទៅលើសណ្តែកសៀងអាមេរិក ដែលជាផលិតផលកសិកម្មរបស់អាមេរិកមានតម្លៃជាងគេបំផុតនាំចូលទីផ្សាររបស់ចិន ដែលមានទឹកប្រាក់ក្នុងមួយឆ្នាំៗ ១៤ ប៊ីលានដុល្លារ ដែលស្ថានភាពនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកនាំចេញផ្សេងទៀតចំពោះគ្រាប់ធញ្ញ​ជាតិ​ដូចប្រទេសប្រេស៊ីល និងអាហ្សង់ទីន។

ចិនដែលជាប្រទេសទិញសណ្តែកសៀងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ចំនួន ៦០ ភាគរយនៃពាណិជ្ជកម្មផ្នែកគ្រប់ធញ្ញជាតិនេះ ដើម្បីផលិតជាម្ហូបអាហារសត្វ។ នៅពេលដែលសណ្តែក សៀងអាមេរិកកាន់តែមានតម្លៃថ្លៃ ចិនទំនងជាសម្លឹងមើលទៅលើទីផ្សារដទៃទៀត ដូចជាអាហ្វិក ខាងត្បូង។

លោក Allan von Mehren សេតវិទូសម្រាប់កិច្ចការសេដ្ឋកិច្ចចិនធ្វើការនៅក្រុមហ៊ុន Danske Bank Markets នៅដាណាម៉ាកនិយាយថា កសិកម្មគឺជាវិស័យមួយជាភស្តុតាងដ៏សំខាន់ដែលចិនប្រើប្រាស់ដើម្បីវាយបកទៅលើលោក Trump វិញ៕

ប្រភព៖ South China Morning Post  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨


No comments:

Post a Comment