នៅព្រឹកថ្ងៃទី៧ ខែមករាឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកគណៈអចិន្រ្ដៃយ នៃគណៈកម្មាធិការកណ្ដាល គណប្រជាជនកម្ពុជា និងជាតំណាងរាស្រ្ដមណ្ឌលតាកែវ និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីមិទ្ទិញអបអរសាទរ ទិវាជ័យជំនៈ៧មករា ខួបអនុស្សារីយ៍លើកទី៣៧ (១៩៧៩- ២០១៦) ជាមួយថ្នាក់ដឹនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តតាកែវ។
ការប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៍ច្រើនឥតគណនា ដែលបានក្រោកឈរតស៊ូប្រយុទ្ធយ៉ាងប្ដូផ្ដាច់ លះបង់នូវសាច់ស្រស់ឈាមស្រស់ និងអាយុជីវិតប្រកបដោយវិរភាពដ៏ខ្ពង់ខ្ពស់ ដើម្បីបុព្វហេតុជាតិ ក្នុងការផ្ដួលរំលំរបបផ្ដាច់ការ ប៉ុលពត ដែលបានអនុវត្តន៍នយោបាយប្រល័យពូជសាសន៍ដ៍សាហាវយង់ឃ្នងបំផុតចំពោះជាតិមាតុភូមិ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ នៃរបបនេះបានបំផ្លាញសង្គមជាតិទាំងមូលដែលរងនូវវិនាសកម្មដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះឲ្យរលាយខ្ទីចខ្ទីទាំងស្រុងរហូតដល់ឬសគល់ ហើយប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង ក្លាយជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ប្រែក្លាយ
កម្ពុជាទៅជាវាលពិឃាតគួរឲ្យរន្ធត់ ប្រជាជាតិទាំងមូលត្រូវជ្រមុជជ្រៅក្នុងសមុទ្រឈាមនិងទឹកភ្នែក រងចាំថ្ងៃស្លាប់ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដសំរាប់មនុស្សជាតិ។
ថ្លែងក្នុងមិទ្ទីញឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា៖ ក្នុងរយៈពេល៣៧ឆ្នាំកន្លមកនេះ ផ្ដើមពីជ័យជំនៈ៧មករាប្រជាជនកម្ពុជា បានសម្រេចនៅការផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដោយគ្មាននរណាម្នាក់អាចស្មានដល់ បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិ នៃសង្គ្រាមរាំរ៉ៃ ពីការបែកបាក់ជាតិ, និងការបែងចែកទឹកដី ក្លាយជាប្រជាតិមួយដែលមានសុខសន្ដិភាព សេរីភាព ឯកភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ដែលអាចនិយាយបានថា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដ រយៈពេលជាង៥រយឆ្នាំមកនេះបន្ទាប់ពីសម័យអង្គរដ៏រុងរឿង ដែលប្រជាជនកម្ពុជាទទួលបាននូវសន្ដិភាពដ៏ពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់នៅដោយសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ម៉្យាងវិញទៀត រាល់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល៣៧ឆ្នាំនេះ គឺអាស្រ័យដោយមានការដឹកនាំលើផ្នែកនយោបាយត្រឹមត្រូវ មានការលះបង់ខ្ពស់ របស់យុទ្ធជន យុទ្ធនារី មន្រ្ដីគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន មានការចូលរូមពីសំណាក់ប្រជាជនទូទាំងប្រទេស ដោយមានឆន្ទៈមោះមុត បើទោះបីមាននិន្នាការនយោបាយ ដើមកំណើតជាតិ, ជំនឿសាសនា ឬឋានៈតួរនាទីក្នុងសង្គមផ្សេងគ្នាក្ដី ព្រមទាំងទទួលការជួយឧបត្ថម្ភគាំទ្រដ៍ស្មោះសរពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្ដរជាតិផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្ដថា៖ ការពិតជាក់ស្ដែង ទាំងអស់នេះគឺគ្មាន ជនណា ឬមជ្ឈដ្ឋានណាអាច មកបដិសេធមួលបង្កាច់បានឡើយ បើគ្មានរដ្ឋប្រហារថ្ងៃ ១៨មិនា ឆ្នាំ១៩៧០ ក៍គ្មានរបបប្រល័យពូជសាសន៍
ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ ក៍គ្មានថ្ងៃជ័យជំនៈ ៧ មករា បើគ្មានថ្ងៃជ័យជំនៈ៧មករា ក៍គ្មានអ្វីៗ ដូចថ្ងៃនេះដែរ។ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា នេះគឺសច្ចៈធម៌ប្រវត្តិសាស្ដ្រដែលប្រជាជនគ្រប់ជំនាន់ គប្បីយល់ដឹងឲ្យបានច្បាស់ មិនត្រូវរស់នៅក្នុងស្រមោលអតីតៈកាល ជៀសឲ្យផុតការកើតជាថ្មីនូវសោកនាដកម្ម ពិសេសធ្លាក់ក្នុងឧបាយកល នៃស្រមោលអាក្រក់ និងមជ្ឈដ្ឋានអគតិណាមួយដែលចង់សម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន ។
គួរបញ្ជាក់ថា៖ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយទិវាជ័យជំនៈ ៧មករាលើកទី៣៧នេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ក៍បានបំពាក់គ្រឿងឥស្សរយសដល់សប្បុរសជនដែលបានចូលរួមជួយអភិវឌ្ឍនៅក្នុងខេត្ដតាកែវ ព្រមទាំងចែករង្វាន់ និងលិខិតសរសើរដល់ជ័យលាភីតែងកំណាព្យស្ដីអំពីអត្ថន័យប្រវត្តិសាស្រ្ដនៃថ្ងៃ៧មករា រួមមានម៉ូតូ កង់និងថវិកា ផងដែរ ៕














No comments:
Post a Comment