Friday, January 08, 2016

សម្តេចតេជោ ហ៊ុន សែន មាននូវសុទិដ្ឋិនិយមខ្ពស់ចំពោះសមិទ្ធផលក្រោយថ្ងៃរំដោះ7មករា និងខិតខំដោះស្រាយរាល់បញ្ហាសំខាន់ៗរបស់ជាតិបន្ថែមទៀត

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងសុន្ទរកថា ថ្លែងក្នុងពិធីមិទ្ទិញ ខួបលើកទី ៣៧ នៃ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧ មករា ដោយបានលើកឡើងពីសមិទ្ធផលក្នុងឆ្នាំកន្លងមក និងទិសដៅក្នុងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។
                                                                               
តាមសន្ទរកថាក៏បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកមួយរូប ក្នុងចំណោមប្រមុខដឹកនាំជាច្រើនរូបទៀត ដែលបានដឹកនាំចលនា តស៊ូរំដោះជាតិ បានគូសបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។ ក្រោយថ្ងៃជ័យជម្នះលើពួក លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា ដែលសង្ឃឹមបានរស់នៅក្នុងសន្តិភាពវិញនោះ ត្រូវរលាយបង់តែមួយប៉ព្រិចភ្នែក ក្រោមអំពើផ្តាច់ការនៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ឱ្យទទួលរងការវិនាសដោយសារសង្រ្គាម ៥ឆ្នាំរួចមកហើយនោះ (ពីឆ្នាំ១៩៧០-១៩៧៥) ឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ឬសគល់។ ប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលពួក ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ។
                                         
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ប្រជាជន ដែលពុំទាន់ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធទាំងឡាយមកជួយសង្រ្គោះឲ្យរួចផុតពីឋាននរកអវចី។ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្រ្ត គួរយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុងស្រមោល នៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគត ដ៏រុងរឿង យើងចាំបាច់ ត្រូវតែយល់ពីប្រវត្តិសាស្រ្ត ឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្រ្តទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យរុងរឿង ស្ថិតសេ្ថរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។
                                                       
សុន្ទរកថាសម្តេចតេជោ ក៏បានលើកឡើងថា រយៈពេល ៣៧ឆ្នាំ ក្រោយការផ្តួលរំលំរបប ប៉ុល ពត ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាព ដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ថ្ងៃ ៧ មករា។ ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។ ប្រការនេះបានធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យសម្រេចបានផ្លែផ្កាជាថ្មីទៀត។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ដោយដើរទន្ទឹមនឹង ការពង្រឹងនីតិរដ្ឋ។ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងកំពុងមានដំណើរការយ៉ាងល្អ ធានាបាននូវបូរណភាពទឹកដីកម្ពុជា និងការកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាមួយនឹងអំណរសាទរចំពោះសមិទ្ធផលទាំងឡាយដែលបានទទួលក្នុងឆ្នាំ២០១៥ និងប្រកាន់ខ្ជាប់នូវ ស្មារតី៧មករា ដ៏រុងរឿង យើងមានជំនឿមុតមាំថា យើងពិតជានឹងសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការបន្តដោះស្រាយរាល់បញ្ហារបស់ជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីជានៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើនទៀតក្តី។

សម្តេចតេជោ ក៏បានលើកឡើងនៅក្នុងសុន្ទរកថារបស់សម្តេចថា បើគ្មានរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ក៏

គ្មានរបបប្រល័យពូជសាសន៍ប៉ុល ពត បើគ្មានរបបប្រល័យពូជសាសន៍ក៏គ្មានជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ ៧មករា គឺ គ្មានអ្វីៗនៅថ្ងៃនេះឡើយ៕

អត្ថបទៈ តាំង ករុណា

No comments:

Post a Comment