Friday, January 08, 2016

ក្បាច់គុន​បុរាណខ្មែរបញ្ជាក់​ពីប្រវត្តិ​យុទ្ធគុណ​ដ៏ខ្លាំងពូកែ​តាំងពីបុរណ​កាលមក

ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើមខែ្សក្រវ៉ាត់ ណាហ្គា វ៉ើល នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានសហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាជ័យជំនៈ ៧មករាខួបលើកទី៣៧ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោម​វត្តមានចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

ឯកឧត្តម យុទ្ធ ភូថង ក្នុងនាមគណៈកម្មកា​ររៀបចំការប្រកួត​បាន​លើក​ឡើងថា៖ ព្រឹត្តិការណ៍​ប្រកួតកីឡា​ប្រដាល់ ក្បាច់គុន​បុរាណខ្មែរ​នាពេលនេះ​មាន​លក្ខណៈ​ជាមិត្តភាព-​​អន្តរជាតិ​​ ហើយក៏​ជាលើក​ទី៣ដែរ ដែលបាន​រៀបចំ​ក្នុង មួយឆ្នាំម្តង​នៅតាម​បណ្តា​ខេត្តនានា ដើម្បី​​ឆ្លុះ​បញ្ចាំង​​​ឱ្យ​​ឃើញ​​អំពី​​​​កិច្ច​​សហប្រតិបត្តិការ​​​អន្តរជាតិ​លើ​វិស័យ​​កីឡា​​ហើយ​ក៏​​ជា​​​ឱកាស​​ផ្តល់​នូវ​ការ​​ផ្លាស់​ប្តូរ​ទាំង​​បច្ចេកទេស​ និង​​បទ​​ពិសោធន៍​​​ក្នុងការ​ប្រកួត​​​ក្បាច់​គុន​​បុរាណ​​ដែល​ជា​មរតក​​នៃ​​សិល្បៈ​ការពារ​​ខ្លួនរបស់​ប្រជាជាតិខ្មែរ​យើង​​។ ការប្រកួត​ជា​លក្ខណៈមិត្តភាព អន្តរជាតិ​នាពេលនេះ​ដែរ គឺស្របពេល ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមអបអរសាទរខួបលើកទី៣៧ ទិវាជ័យជំនះ៧មករា ព្រមទាំងជា​ការបំផុស​​ស្មារតី​​​ម​ហា​ជន​ឱ្យ​កាន់​តែ​ស្រលាញ់​ និង​គាំទ្រកីឡា​ ពិសេស​​ក្បាច់​គុន​បុរាណខ្មែរ សំដៅលើក​កម្ពស់​កិត្តិសព្ទ​​​​​​កីឡា​ប្រដាល់ក្បាច់គុនបុរាណខ្មែរ ​ឱ្យកាន់​តែមានភាព​ល្បីល្បាញ​ថែមទៀត​នៅ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានឲ្យដឹងដែរថា ក្នុងចំណោមកីឡាជាច្រើន ក្បាច់គុនបុរាណខ្មែរ គឺ​ជាប្រភេទ​កីឡា​ដ៏មាន​ប្រជា​ប្រិយភាពមួយ​ ដែល​ទទួល​​បាន​ការទាក់ទាញ និងគាំទ្រ​ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ និង​អន្តរជាតិ ហើយក្បាច់គុនបុរាណខ្មែរ​ មិនត្រឹម​តែ​ជាកីឡាប្រដាល់​សម្រាប់​ប្រកួត​តាម​​លក្ខណៈ​​​​បច្ចេកទេស​ និងដើម្បីប្រកួត​យកចាញ់​ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសិល្បៈកីឡា​ នៃ​ការបញេ្ចញ​នូវ​កាយវិការដ៏​រហ័ស​រហួន​ ប្រកប​ដោយ​ភាព​ស្វាហាប់ និង​​មាន​​​​​​​ឫសគល់​យ៉ាង​ជ្រៅ​​​ក្នុង​​ទំនៀមទំលាប់​ប្រពៃណីវប្បធម៌របស់​ជាតិ​​ ហើយ​កីឡាប្រភេទ​នេះ​ ក៏​បានបង្ហាញ នៃអារ្យធម៌ខ្មែរ​ផងដែរ​។    តាម​ការសិក្សា​ស្រាវជ្រាវ​​របស់​ប្រវត្តិ​វិទូ​បាន​ឱ្យ​ដឹង​ថា នាសម័យ​​អាណា​ចក្រ​ខ្មែរ ក្បាច់​គុនខ្មែរ​​មាន​​ច្រើន​ប្រភេទ​ណាស់​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ​ក្នុង​វិស័យ​ការពារ​ជាតិ​​ និង​សង្គម​វប្បធម៌ ជា​សិល្បៈ​ការពារ​​ខ្លួន ជាល្បែង​ប្រដាល់​​​កំសាន្ត​ និង​ជា​យុទ្ធ​​គុនសម្រាប់​ពលទាហានផងដែរ​​។ ជារួមក្នុង​សម័យ​នោះ​ ​​ទាំង​ព្រះ​រា​ជាមន្រ្តី​​​គ្រប់​​ជាន់​ថ្នាក់ ពលទាហាន​ និង​រាស្រ្ត​សាមញ្ញភាគច្រើន​​ សុទ្ធ​តែ​ទទួល​បាន​​ការ​ហ្វឹកហាត់ ​និងរៀន​ក្បាច់​គុន​​ខ្មែរមានជាអាទិ៍​ គុនប្រដាល់ គុនដាវ គុនដំបង​ បាញ់​​ធ្នូ​ និងក្បាច់​​​​គុន​ល្បុក្ក​តោ​ជាដើម។ ​ជាក់​ស្តែង យើង​អាច​រក​​ឃើញ ​ភស្តុតាងជាច្រើន ​​​​លើ​ផ្ទាំង​ថ្មចម្លាក់​​នៅតាម​​ប្រាសាទ​​បុរាណ​​​នានា តួយ៉ាងនៅ​​បា្រសាទ​សម្បូរណ៍​ព្រៃ​គុហ៍ ​ប្រាសាទ​អង្គរបូរី​ ប្រាសាទ​​​​កោះកេរ្តិ៍​ ប្រាសាទ​​បន្ទាយ​ស្រី ប្រាសាទ​បាពួន​ ​ប្រាសាទ​បាយ័ន ដែលអាច​​បញ្ជាក់​​យ៉ាង​ច្បាស់ ​អំពី​​ប្រភព​​មរតក​វប្បធម៌​​​នៃ​ក្បាច់​​គុន​បុរាណ​​​​ខ្មែរដែលបាន បន្សល់ទុក។

សម្រាប់ការប្រកួតឆ្នាំនេះ​នៅខេត្តព្រះសីហនុ មានចំនួន៨គូ ដែលសុទ្ធសឹងជាការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ ហើយជាលទ្ធផលសំរាប់កីឡាករកម្ពុជា​ ប្រកួតស្មើ១គូ ឈ្នះដោយពិន្ទុចំនួន៤គូ និងបានផ្ដួលគូប្រគួត ឲ្យសន្លាប​សង្វៀនមាន​ចំនួន៣គូ ៕













No comments:

Post a Comment