
សម្តេចតេជោ ថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកល វិទ្យាល័យ បៀល ប្រាយ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ ហើយក៏ជាការឆ្លើយតបទៅនឹងប្រតិកម្ម របស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលនិយាយថា កម្ពុជាមិនមែនជាប្រទេសសមស្រប និង មាន សមត្ថភាព ដើម្បីទទួលជនភៀសខ្លួនឡើយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន បានលើកឡើង ថា ភាពជាក់ស្តែងនៅកម្ពុជាមិនអាចក្លាយជាប្រទេសមួយដែលសមស្របតាមស្តង់ដាអន្តរជាតិក្នុងការទទួលយកជនភៀសខ្លួនឲ្យមករស់នៅបានទេ ដោយអះអាងថា ទី១ ប្រទេសកម្ពុជាជាប្រទេសក្រីក្រនៅពឹងផ្អែកលើជំនួយបរទេស គឺកម្ពុជានៅសុំលុយគេដើម្បីរស់ជារៀងរាល់ឆ្នាំ ទី២ ការអត់ការងារធ្វើនៅកម្ពុជាមានអត្រាខ្ពស់ ដែលកាតព្វ កិច្ច របស់ ប្រទេស ម្ចាស់ ផ្ទះ(កម្ពុជា)ក្នុងការទទួលជនភៀសខ្លួនត្រូវតែបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ការងារធ្វើដល់ជនភៀសខ្លួនទាំងនោះ និងទី៣ កម្ពុជា ជាប្រទេសស្ថិតក្នុងបញ្ជីរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់អន្តរជាតិយ៉ាងខ្លាំង ដូច្នេះ អង្គការទាំងនោះ មានការព្រួយបារម្ភថា ជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលី អាចប្រឈមនឹងការរំលោភសិទ្ធិមនុស្សបន្ថែមទៀត។
ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា អូស្ត្រាលី លើការបញ្ជូនជនភៀសខ្លួន ពីប្រទេសអូស្រ្តាលី មករស់នៅនៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ជាក់ថា ការបញ្ជូនជនភៀសខ្លួននេះ ធ្វើឡើងតាម គោលការណ៍ស្ម័គ្រចិត្ត មិនមែនជាការចាប់បង្ខំ ហើយក៏ជាកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «យើងមិនចេះតែធ្វើទទឹងទិសនោះទេ ហើយក៏គ្មាននរ ណាចេះតែមក អត់ស្គាល់កម្ពុជាជាអ្វីនោះដែរ»។

No comments:
Post a Comment