ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។
សម្ដេចធិបតីបានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ៕
No comments:
Post a Comment