
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្តិភាពវិញហើយ
នៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៤នេះ ដោយនាំមកនូវការសន្យារបស់លោកជំទាវ
ប៉ាក់ គឿនហេ ថា នឹងជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនដូចប្រទេសកូរ៉េ
ជាពិសេសការខិតខំតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក៏ដូចជា
ការទទួលស្គាល់តួនាទីរបស់កម្ពុជាក្នុងការធ្វើជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន
និងសាធារណរដ្ឋកូរ៉េ។

តាមការអញ្ជើញរបស់លោកជំទាវ
ប៉ាក គឿនហេ (Park Geun-hey) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំនៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងប៊ូសាន
និងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ
ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម
កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
បានថ្លែងប្រាប់អ្នកសារព័ត៌មានដោយរំលឹកឡើងវិញពីទំនាក់ទំនងដែលកាលពីឆ្នាំ១៩៨៩រវាងអាស៊ាន
និងកូរ៉េ បានចាប់ផ្តើមទំនាក់ទំនងជាផ្លូវការក្នុងក្របខណ្ឌកិច្ចសន្ទនាជាមួយគ្នា
ហើយនៅឆ្នាំ២០១០ សាធារណរដ្ឋកូរ៉េ
ក៏បានធ្វើជាដៃគូជាយុទ្ធសាស្ត្រជាមួយអាស៊ាន។ ឯកឧត្តម កៅ គឹមហួន
ក៏បានបង្ហាញឱ្យឃើញផងដែរ អំពីការរីកចម្រើននៃទំហំសេដ្ឋកិច្ច
ពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េ ដែលកាលពីឆ្នាំ១៩៨៩ នៅពេលដែលចាប់ផ្តើមនោះ
ទំហំពាណិជ្ជកម្មរវាងកូរ៉េ និងអាស៊ាន គឺមានត្រឹមតែ ៨.២ពាន់លានដុល្លារ
ហើយរហូតមកដល់ឆ្នាំ២០១៣នេះ គឺបានកើនឡើងរហូតដល់១៣៥ ពាន់លានដុល្លារ
និងនៅឆ្នាំ២០១៥ រំពឹងថា នឹងកើនឡើងរហូតដល់ ១៥០ពាន់លានដុល្លារ។ ឯកឧត្តម
កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន
និងកូរ៉េ បានប្តេជ្ញាចិត្តជំរុញឱ្យទំហំពាណិជ្ជកម្មនេះ
មានការកើនឡើងដល់២០០ ពាន់លានដុល្លារ។ រីឯការវិនិយោគវិញគឺនៅឆ្នាំ២០១២
គឺមានត្រឹមតែ ១.៧ពាន់លានដុល្លារទេ ហើយឆ្នាំ២០១៣នេះ គឺមានការឡើងដល់
៣.៨ពាន់លានដុល្លារ និងមានអ្នកទេសចរណ៍ឡើងដល់ ៥លាននាក់ក្នុង១ឆ្នាំ។
សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ
នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ ឯកឧត្តម កៅ គឹមហួន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាលអាស៊ាន
និងកូរ៉េ បានអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលខាងលើនេះ
រួមមាន៦ចំណុចសំខាន់ៗ ក្នុងនោះ ជាអាទិ៍
មានការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសន្តិសុខ
ដើម្បីរក្សាសន្តិភាព ស្ថេរភាពនៅក្នុងតំបន់
ដោយកូរ៉េបានសន្យាបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន
នៅក្នុងរាល់វេទិកាដែលផ្តួចផ្តើមឡើងដោយអាស៊ានសម្រាប់តំបន់នេះ។
ជាមួយនេះ កូរ៉េ និងអាស៊ាន បានឯកភាពគ្នាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម
ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស
និងការជួញដូរគ្រឿងញៀនជំរុញកិច្ចសហប្រតិបត្តិការផ្នែកលំហសមុទ្រ
គាំទ្រដល់សមាជិកអាស៊ានក្នុងការចូលរូម
ក្នុងកិច្ចសហប្រតិបត្តិការនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនឹងវិស័យសង្គមវប្បធម៌អាស៊ាន និងកូរ៉េ
បានឯកភាពគាំទ្រជំរុញកិច្ចសហប្រតិបតិ្តការឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន
និងប្រជាជន រវាងយុវជន និងយុវជន និស្សិត និងនិស្សិតតែម្តង។
តាមរយៈកិច្ចប្រជុំកំពូលនេះដែរ
ឯកឧត្តម កៅ គឹមហួន បានមានប្រសាសន៍បញ្ជាក់ថា
អ្វីដែលជាប្រការសំខាន់សម្រាប់កម្ពុជានោះ
គឺក្នុងរយៈពេល៣ឆ្នាំចាប់ពីខែកក្កដា ឆ្នាំ២០១៥ ទៅដល់ឆ្នាំ២០១៨
កម្ពុជានឹងទទួលធ្វើជាអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន
និងសាធារណរដ្ឋកូរ៉េ។
ជាមួយនឹងខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ
នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីក្រុងសេអ៊ូល
ដែលនៅក្នុងជំនួបចចារទ្វេភាគី
រវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
សម្តេចតេជោបានស្នើឱ្យមានការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ
(កម្ពុជា-សាធារណរដ្ឋកូរ៉េ) ទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។
ចំពោះចំណុចនេះ លោកជំទាវប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានស្វាគមន៍
និងមានប្រសាសន៍ថាទុកកិច្ចការនេះជាកិច្ចការដ៏សំខាន់
ដោយឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ(កម្ពុជា-សាធារណរដ្ឋកូរ៉េ)
បន្តធ្វើការងារជាមួយគ្នាជាបន្តទៀត។ លោកជំទាវ ប៉ាក គឿនហេ
ក៏បានស្នើឱ្យមានអនុព័ន្ធយោធា
រវាងប្រទេសទាំងពីរដើម្បីធ្វើការជាមួយគ្នាលើវិស័យការពារជាតិផងដែរ។
ជាមួយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការរវាងខេត្ត
និងខេត្ត និងបានស្នើសុំឱ្យភាគីកូរ៉េ
បង្កើនចំនួនកូតាពលករខ្មែរបានទៅធ្វើការនៅប្រទេសកូរ៉េ
និងបានស្នើឱ្យភាគីកូរ៉េ ទទួលការនាំចូលអង្ករក៏ដូចជាកសិផលដទៃទៀត
ពីកម្ពុជាចូលទៅសាធារណរដ្ឋកូរ៉េ
និងជំរុញបង្កើនឱ្យមានអ្នកវិនិយោគពីសាធារណរដ្ឋកូរ៉េមកកម្ពុជាផងដែរ។
សូមបញ្ជាក់ថា
នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េនេះដែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវ ប៉ាក គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
បានជួបពិភាក្សាទ្វេភាគី
និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាចំនួន៥
ដែលរួមមាន៖
-១.អនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ
យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ វិទ្យាសាស្ត្រ
និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ ស្តីពី«កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ»។
-២.អនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជន
និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា
និងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ស្តីពី «កិច្ចសហប្រតិបត្តិការទ្វេភាគី
ដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា-កូរ៉េ ក្នុងការចាប់ផ្តើមធុរកិច្ច»។
-៣.អនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល និងសុខុមាលភាព នៃសាធារណរដ្ឋកូរ៉េ
ស្តីពី«កិច្ចសហប្រតិបត្តិការ
លើការថែទាំសុខភាព និងវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ»។
-៤.អនុស្សារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា
និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី«កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា»។
-៥.អនុស្សារណៈយោគយល់គ្នារវាងធនាគារជាតិកម្ពុជា
និងធនាគារកណ្តាលកូរ៉េ ស្តីពី«ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយក្នុងប្រទេសកម្ពុជា»។
ក្រៅពីនេះ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ក៏បានជួបជាមួយអ្នកវិនិយោគកូរ៉េដទៃទៀត ដែលពាក់ព័ន្ធនឹងចលនាភូមិថ្មី
ជួបជាមួយពលករខ្មែរ និងនិស្សិតខ្មែរ ដែលបម្រើការងារ
និងកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េផងដែរ៕

No comments:
Post a Comment