
-
ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួត កីឡាអន្តរជាតិនាពេលកន្លងមក។
ក្នុងនាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងអបអរសាទរដល់ជ័យលាភីទាំងអស់
ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីប្តេជ្ញាចិត្តខ្ពស់រហូតទទួលបានជោគជ័យ ដ៏ធំធេងជូនជាតិមាតុភូមិ។
ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ផងដែរ
ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់
ជាពិសេស គ្រូបង្វឹក ដែលបានរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ។
ការជួបជុំគ្នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យកីឡា ជាពិសេសដល់ក្មួយៗកីឡាករ
កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួតកីឡាអន្តរជាតិនានា។ ការយកចិត្តទុកដាក់និងការគាំទ្រទាំងនេះ ស្តែងចេញតាមរយៈការគាំទ្រថវិការដ្ឋសម្រាប់វិស័យនេះ ក៏ដូចជាអនុសាសន៍ណែនាំនិងការផ្តល់ថវិកាផ្ទាល់របស់ សម្តេចតេជោ ជូនដល់គ្រប់កីឡាករ កីឡាការិនី
មុនពេលអញ្ជើញចេញទៅប្រកួតកន្លងមក។
ឯកឧត្តម លោកជំទាវ លោក លោកស្រី
វិស័យអប់រំកាយនិងកីឡា គឺវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ក្នុង ការចូលរួមអភិវឌ្ឍធនធានមនុស្ស
ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនិងសមធម៌។
កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ ភាពសប្បាយរីករាយ
និងស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការរវាងគ្នានិងគ្នា
ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិត្យានុភាពជាតិនៅលើ ឆាកអន្តរជាតិផងដែរ។
ដូច្នេះ កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូតមហាជន ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ។
ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ បាននាំមកនូវបទពិសោធន៍ថ្មីៗ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែមទៀត ហើយបទពិសោធន៍ទាំងនេះនឹងជួយក្មួយៗកីឡាករ
កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត សម្រាប់ការប្រកួតជាអន្តរជាតិនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ
ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង
និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
ឱ្យទទួលបានជោគជ័យបន្ថែមទៀត។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
និងសហព័ន្ធកីឡាជាតិ គួរបន្តជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាប្រកបដោយគុណភាព តាមរយៈការពង្រឹងអង្គភាព
ស្ថាប័នហ្វឹកហ្វឺនកីឡាជាតិ និងការផ្តល់ឱកាសបន្ថែមទៀតដល់ក្មួយៗយុវជន ដែលមានចំណង់ចំណូលចិត្តនិងមានទេពកោសល្យផ្នែកកីឡា
គ្រូបង្វឹក
និងមន្ត្រីជំនាញទៅសិក្សានិងបណ្តុះបណ្តាលបន្ត នៅបណ្តាប្រទេសដែលមានជំនាញខ្ពស់ផ្នែកកីឡាទាំងនោះ។
ជាងនេះទៅទៀត នៅតាមគ្រឹះស្ថានសិក្សា
ក៏ដូចជានៅតាមពហុកីឡាដ្ឋានរាជធានី-ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា
គួរយកចិត្តទុកដាក់ជួសជុល កែលម្អទីលានកីឡា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
បំពាក់ឧបករណ៍ និងសម្ភារៈកីឡា ដើម្បីបង្កលក្ខណៈនិងផ្តល់ឱកាសដល់យុវជនយើងធ្វើលំហាត់អប់រំកាយ
និងកីឡា សំដៅលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងរួមចំណែកដល់ការកាត់បន្ថយភាពអសកម្មនានានៅក្នុងសង្គម។
ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ
យុវជន និងកីឡា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ គ្រូបង្វឹក និងកីឡាករ
កីឡាការិនីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីប្តេជ្ញាចិត្តខ្ពស់នាំមកនូវជ័យជំនះ ដ៏ធំធេងជូនជាតិមាតុភូមិជាទីស្នេហារបស់យើង។
ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ដៃគូអភិវឌ្ឍន៍
និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំកាយ
និងកីឡានៅកម្ពុជា ជាបន្តទៀត។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា
ខ្ញុំបាននាំមកជាមួយនូវទឹកប្រាក់ចំនួន ២៥៤.៩០០.០០០ រៀល (ពីររយហាសិបបួនលាន
ប្រាំបួនសែនរៀល) របស់រាជរដ្ឋាភិបាល មកប្រគល់ជូនជ័យលាភីចំនួន២៧នាក់
និងគ្រូបង្វឹកចំនួន៦នាក់ សម្រាប់ការប្រកួតកីឡាអន្តរជាតិនានា
ស្របតាមប្រកាសអន្តរក្រសួងនាពេលនេះ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ
កីឡាការិនីទាំងអស់ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សូមមានសុខភាពល្អ ជោគជ័យក្នុងការងារ
និងសុភមង្គលក្នុងគ្រួសារ។
No comments:
Post a Comment