Saturday, June 15, 2019

១ទសវត្សចុងក្រោយនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេងលើវិស័យភូមិសាស្ត្រនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងមួយទសវត្សចុងក្រោយនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេងលើវិស័យភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាពាណិជ្ជក ម្ម និងការវិនិយោគ ដែលបានកែប្រែតុល្យភាពអំណាចសកល ឆ្ពោះទៅរកក្របខ័ណ្ណពហុប៉ូល ស្របគ្នានឹងការកើតឡើងនូវការគម្រាមថ្មីៗលើសន្តិសុខ ដូចជា បញ្ហានៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខអ៊ិនធើណែត និង សកម្មភាពភេរវកម្មជ្រុលនិយម។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ មក ស៊ីកា បានធ្វើជាសាក្សីនៃដំណើរការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក រួមមាន ការដួលរលំរបស់សហភាពសូវៀតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅអឺរ៉ុបខាងកើត ការបញ្ចប់សង្គ្រាមត្រជាក់ និងការរៀបចំឡើងវិញនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មី។
ក្រៅពីជម្លោះក្នុងឧបទ្វីបកូរ៉េ បញ្ហានុយក្លេអ៊ែរក្នុងតំបន់ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយចំនួនតំបន់អាស៊ីយើងក៏កំពុងរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗ ពិសេស សហរដ្ឋអាមេរិក និងចិនដែលមជ្ឈដ្ឋានខ្លះបានហៅថាជាសង្គ្រាមត្រជាក់ថ្មី៕


No comments:

Post a Comment