Saturday, June 15, 2019

ប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan) សន្យាទិញសំលៀកបំពាក់ក្រណាត់ពីកម្ពុជានាពេលខាងមុខ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan)​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលជួបសំដែងការគួរសម និង​ពិភាក្សា​ជាមួយ លោក អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋ​តាជីគី​ស្ថាន។ ក្នុងជំនួបនោះ ប្រធានាធិបតីតាជីគីស្ថាន បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃ​ខ្ពស់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មក​ចូ​ល​រួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាង​ទំនុកចិត្តនៅ​អា​ស៊ី។ លោក ក៏បានបង្ហាញនូវបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងជាមួយ​នឹងកម្ពុជា​ផង​ដែរ​។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះប្រធានាធិបតី​តាជីគី​ស្ថាន​​ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងអរគុណចំពោះកា​​រ​បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកនិងគណៈប្រតិភូកម្ពុជាទាំងមូលហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី​ដែ​ល​ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ។

ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី កម្ពុជា បានចុះហត្ថលេខាក្នុងការកសាងទំនាក់​ទំនង​ការ​ទូតតាំងពីឆ្នាំ១៩៩៥មក តែរហូតមកដល់ពេលនេះយើងក៏មិ​នមានកិច្ចសហប្រតិបត្តិ​កា​រ​អ្វីជាដុំកំភួននោះទេ។​លោកនាយកមន្ត្រី ហ៊ុន សែន បានលើកជាការផ្ដួចផ្ដើមមួយ​ចំនួន​ដូច​ខាងក្រោម៖
ទី១)​ ដោយសារតែយើងមានបញ្ហាក្នុងការស្នើសុំតែងតាំងឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២ ដូច្នេះយើងត្រូវយកឯកអគ្គរដ្ឋទូតពីប្រទេសនៅក្បែរៗនេះដើម្បីមកកាន់ទីក្រុងនៃប្រទេសទាំងពីរ ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីបានប្រាប់ថា នឹងតែងតាំងឯកអគ្គរាជ​ទូតកម្ពុជា​នៅ​ទី​ក្រុងម៉ូស្គូមកកាន់ប្រទេសតាជីគីស្ថាន។

ទី២)​ ដោយសភាពការណ៍អន្តរជាតិបច្ចុប្បន្នត្រូវការឲ្យមានការពិគ្រោះ​យោបល់ពិភាក្សា​គ្នា​គំនិតនយោបាយដើម្បីសម្របសម្រួលដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក រួម​ទាំ​ងពិនិត្យលើការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ លោកបាន​ស្នើឲ្យប្រទេសទាំងពីរ​ពិនិត្យលទ្ធភាពរៀបចំឲ្យមានអនុស្សរណៈមានការយោគយល់គ្នាមួយដើម្បីឲ្យលឿនជាពិសេ​សដើម្បីពិនិត្យមើលលទ្ធភាពនៅការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​វិ​និយោគ វប្បធម៌ និងទេសចរណ៍ជាដើម។

ទី៣)​ ស្នើសុំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចពិនិត្យពិគ្រោះយោបល់គ្នា និងយល់ដឹងគ្នាកា​ន់​តែច្រើនថែមទៀត។ ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រី ក៏បានមានប្រសា​សន៍ក្នុង​នាមព្រះករុណាព្រះមហាក្សត្រស្នើសុំគោរពអញ្ជើញ​ លោក​ប្រធានាធិបតីអញ្ជើញម​កបំពេ​ញទ​ស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។

លោកប្រធានាធិបតី បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិ​ការជាមួយកម្ពុជា​លើ​គ្រ​ប់វិស័យ និងបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​កា​រតែងតាំងឯកអគ្គរដ្ឋទូតក្នុងប្រទេសផ្សេងនៅជិតនេះ ទៅកាន់ទីក្រុងនៃប្រទេសទាំងពីរ​ និ​ងឯកភាពឲ្យមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឲ្យបាន និងមាន​ការ​ណែនាំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឲ្យបង្កើតក្រុមការងារដើម្បីធ្វើការពិគ្រោះយោបល់ជាមួយនឹងសមភាគីក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ វិស័យឧស្សាហកម្ម ជាពិសេសប្រទេសតាជីគីស្ថាននឹងធ្វើការនាំចូលក្រណាត់ និងសម្លៀក​បំពាក់ពីប្រទេសកម្ពុជាផងដែរ។ លោកប្រធានាធិបតី ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកបំពេញទស្សន​កិច្ច​ផ្លូវការក្នុងប្រទេសតាជីគីស្ថាន តាមពេលវេលាសម​ស្រ​បណាមួយដើម្បីជំរុញកិច្ច​សហប្រតិ​ប​ត្តិការ​លើវិ​ស័​យនានាដើម្បីការពារផលប្រ​យោជ​ន៍គ្នា​ទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏បានថ្លែងអំណរគុណចំ​ពោះការឆ្លើយតបជា​វិជ្ជមានចំ​ពោះ​​​គំនិតផ្ដួចផ្ដើមនានា ហើយនឹងគាំទ្រគំនិតផ្ដួចផ្ដើមនេះ ជាពិសេសក្នុងការប​ង្កើតនូវ​គ​ណៈកម្មការចម្រុះដើម្បីគាំពារការវិនិយោគ និងអរគុណដែលលោកប្រធានាធិបតីបាន​បង្ហា​ញពីបំណងចង់ទិញនាំចូលនូវសំលៀកបំពាក់ក្រណាត់ពីកម្ពុជា​ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅតាជីគីស្ថានជាថ្មីម្ដងទៀត នឹងចុះហត្ថ​លេ​ខា​លើអ្វីដែលយើងបានព្រមព្រៀងគ្នានោះពេលខាងមុខបន្តទៀត៕








No comments:

Post a Comment