Saturday, June 15, 2019

កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមជាមួយប្រទេសជាសមាជិករបស់ស៊ីកា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ស៊ីកាទាំងអស់ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និងការតភ្ជាប់គ្រប់ផ្នែក។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកទាំងអស់ នៅក្នុងដំណើរការរបស់ស៊ីកា សំដៅកសាងនិម្មាបនកម្មសន្តិសុខមួយសមស្របនឹងលក្ខខណ្ឌអាស៊ី ជាមួយនឹងរបៀបអាស៊ានក្នុងការគោរពគ្នាទៅវិញទៅមក ការស្រុះស្រួលមតិ និងការយោគយល់គ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ថា សន្និសីទនេះ នឹងផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកការពារវិបុលភាពស្ថិរភាពសន្តិសុខ និងសន្តិភាពតំបន់ តាមរយៈការកសាងនូវការយោគយល់ ជំនឿនិង ការទុកចិត្តរវាងគ្នាទៅវិញទៅមក៕




No comments:

Post a Comment