Tuesday, August 22, 2017

លោក ហ៊ុន សែន ហៅពួកប្រមាថរូបលោក និងក្រុមគ្រួសារ ថាជាប្រែតចាប់ជាតិឬអ្វី?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងមកមានទាំងខ្មែរ និងបរទេសបានប្រមាថធ្ងន់ធ្ងរដល់អាយុជីវិតរបស់លោក និងក្រុមគ្រួសាររបស់លោក ដោយការមួលបង្កាច់ភ្ជាប់ទៅ​នឹង​បញ្ហា​ផ្សេង​ៗ។  លោក ហ៊ុន សែន បានដាក់ជា​សំ​នួរថា តើពួកនេះកើតមកពីអ្វី ប្រែតចាប់ជាតិឬអ្វី បានជាពួកគេធ្វើម្តងហើយម្តងទៀតដូចនេះ?
នៅក្នុងវេទិកាជាតិលើកទី២ ​   ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅ វិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុង​ចំ​ណោម​អ្នក​ដែល​វាយប្រហារ​លើប្រទេស​របស់​លោក រូប​លោក និង​គ្រួសារលោកនោះ គឺ អង្គការ Global Witness  ដែល​អង្គការអន្តរជាតិ​មួយ​នេះ​ បាន​ចាប់ផ្តើមវាយប្រ​ហារ និងប្រមាថដោយសរសេរថា ប្រទេសកម្ពុជាជាប្រទេសសម្រាប់លក់ និងព្រៃឈើនៅប្រទេសកម្ពុជាគឺអស់រលីងទៅហើយ។ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ លោក ហ៊ុន សែន​បាន​ពន្យល់ថា តាមការពិត កម្ពុជា មានគម្របព្រៃឈើច្រើនណាស់ រួមផ្សំជាមួយតំបន់អភិរក្សផ្សេងទៀត និងតំបន់ចំការកៅស៊ូផងនោះរឹតតែច្រើន។ លោកថា ការប្រមាថបែបនេះ កើតចេញពីការសងសឹកគំនុំផ្ទាល់ខ្លួនដែលថ្នាក់ដឹកនាំអង្គការ Global witness ​មានរឿងអា​ស្រូវស្នេហាខ្លួនឯងដោះស្រាយមិនបាន ក៏ចាប់ផ្តើមវាយប្រហារប្រមាថ គឺមិនត្រឹមតែមកលើរូបលោកប៉ុណ្ណោះទេ  ថែមទាំងប៉ះពាល់ដល់កិត្តិយសរបស់ប្រជាជាតិកម្ពុជាផងដែរ។ លោក ហ៊ុន សែន ថា «ប៉ុន្តែបើយោងទៅលើអ្វីដែលគេនិយាយ វាជាការប្រមាថប្រទេសមួយ ស្ទើរក្លាយជាតំបន់សាហារ៉ាខាងលិចទៅហើយ នេះហើយជាអំពើពិសពុលរបស់ពួកគេដែលមិនអាចទទួលយកបាន»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក មិនអាចទទួលយកការប្រមាថមកលើរូបលោក និងក្រុមគ្រួសារចំពោះពាក្យសម្តីថា សម្លាប់សូម្បីតែកូនក្នុងអង្រឹងក៏មិនទុកឱ្យរស់ដែរនោះទេ។ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យលោកត្រូវប្រ​កាសសង្រ្គាមទុកមុនតែម្តង មិនឱ្យនរណាធ្វើផ្តេសផ្តាស់ទេ ហើយត្រកូលហ៊ុន មិនមែនស​ម្រា​ប់នរណាសម្លាប់ទេ មនុស្សទូទៅក៏ដោយ មិនមែនជាមនុស្សសម្រាប់ឱ្យគេសម្លាប់នោះដែរ៕




No comments:

Post a Comment