វេទិកាថ្នាក់ជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កំពុងប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមជាមួយភាគីពាក់ព័ន្ធនានា ដែលធ្វើការងារលើវិស័យបរិស្ថាន និងធនធានធម្មជាតិទាំងអស់។ នៅក្នុងសន្ទរកថាស្វាគមន៍ បើកវេទិកា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងជាលើកទី២ ហើយផ្តល់ឱកាសឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍មូលដ្ឋាន សកម្មជនបរិស្ថាន និងអ្នកអភិរក្សធនធានធម្មជាតិទាំងអស់បានមកជួបជុំគ្នានៅវិមានសន្តិភាពជាលើកទី២ និងទទួលបានឱកាសស្វែងយល់អំពីបំណងជាយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕
No comments:
Post a Comment