Tuesday, August 22, 2017

ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំ​បន់​ការពារ​ធម្មជាតិ​ទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ

នៅក្នុងវេទិកាថ្នាក់ជាតិលើកទ២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអោយដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងា​រក្នុ​ង​​​សមត្ថកិច្ចរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន​បានផ្ទេរមុខ​ងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំ​បន់ការពារធម្មជាតិទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរ​បរិស្ថានជាសេនាធិការ។

លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្ត​សារាចរ​ណែនាំ លេខ០៥ ស.រ.ណ.ន. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពី​វិធានការ​ចាំបាច់​នានា ​ក្នុង​ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈ​បញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។​
ក្នុងវេទិការថ្នាក់ជាតិនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់​​ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់​បទល្មើសធនធានធម្មជាតិ ដោះស្រាយ​ទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំ​ផែន​ទីស​ម្រាប់​​ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិ​ដើមភាគតិច សម្បទាន​ដី​សេដ្ឋ​កិច្ច​ សម្បទានដី​សង្គមកិច្ច និងតំបន់ការពារធម្មជាតិ​ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់​ដីនៅក្នុងតំបន់ការពារធម្មជាតិ​សម្រាប់​ជា​មូល​ដ្ឋាន​កងទ័​ព​​ នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព​៕








No comments:

Post a Comment