Tuesday, August 22, 2017

តាមរយៈការគិតគូររបស់ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានសម្រេចសមិទ្ធិផលថ្មីៗស្តីពីគុណភាពបរិស្ថាន

នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តាមរយៈការគិតគូររបស់ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន រួមជាមួយដៃគូ បានសម្រេចសមិទ្ធិផលថ្មីៗ ស្តីពីគុណភាពបរិស្ថាន ដើម្បីសម្រេចឲ្យមានចីរភាពនៃធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកថា ភាគីពាក់ព័ន្ឋទាំងជាតិ អន្តរជាតិ និងក្រសួងបរិស្ថាន មានកិច្ចសហការល្អក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ធ្វើអោយសង្គមមានសុខុដុមរមនា។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងគាំពារដល់ទេសចរណ៍ គឺកម្ពុជាកំណត់ថាជាទេសចរណ៍វប្បធម៌ ដែលចូលរួមចំណែកបង្កើនចំណូល និងមុខរបរប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរ។ ការរីកចំរើននេះ ស្របជាមួយកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ទៀតថា ទន្ទឹមនឹងការរីកចម្រើននេះ ទីប្រជុំជន បានកំពុងមានមនុស្សកើនឡើង បញ្ហាសំរាម និងបញ្ហាមួយចំនួនទៀត ដែលតម្រូវឲ្យភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ។ លោកនាយករដ្ឋមន្រ្តីបានជម្រុញឲ្យអាជ្ញាធរ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការឲ្យតឹងរ៉ឹងលើការកាប់ព្រៃឈើ៕






No comments:

Post a Comment