Thursday, July 06, 2023

អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ជប៉ុន

 តាមការអញ្ជើញរបស់លោក Saito Ken រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គេលខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយសហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន ជាមួយប្រទេស G7។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីការត្រៀមរៀបចំលើបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឲ្យបានជោគជ័យ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលអាស៊ាន ដឹកនាំដោយលោកស្រី ដាតុ Sri Azalina Othman Said រដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកកំណែទម្រង់ច្បាប់ និងស្ថាប័ន។ កិច្ចប្រជុំនោះ បានធ្វើការពិភាក្សា និងសម្របសម្រួលទស្សនៈរបស់អាស៊ាន ដើម្បីត្រៀមសម្រាប់ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមពិសាបាយការងារថ្ងៃត្រង់ ជាមួយអ្នកចូលរួមវេទិកាយុវជនពិសេស រៀបចំដោយអនុរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈ លើការចូលរួម និងតួនាទីរបស់យុវជនអាស៊ាន-ជប៉ុន នៅក្នុងការរៀបចំអនាគតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន ជាពិសេស ក្នុងការពង្រឹងនីតិរដ្ឋ និងវិស័យយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនោះ នៅរសៀលថ្ងៃនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Nippon Hōsō Kyōkai (NHK) របស់ជប៉ុន។ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីសារៈសំខាន់ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ជាពិសេស ស្របពេលនៃខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ លោកបានបញ្ជាក់ពាក់ព័ន្ធនឹងការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ក៏ដូចជា អនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះ លោក កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ghada Waly ប្រធានប្រតិបត្តិការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង UNODC នៅក្នុងវិស័យនីតិរដ្ឋ និងយុត្តិធម៌ ក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិតបានបន្ដអញ្ជើញចូលរួមក្នុងពិធីពិសាតែ (Tea Party) រៀបចំដោយរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ដោយមានការចូលរួមពីសំណាក់បណ្តារដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងទីម័រខាងកើត ក៏ដូចជាអ្នកចូលរួមនៃវេទិកាយុវជនពិសេសអាស៊ាន-ជប៉ុន។ ពិធីនេះ គឺជាឱកាសដ៏ល្អដើម្បីឲ្យយុវជនចែករំលែកនូវទស្សនៈ ជាមួយបណ្តារដ្ឋមន្ត្រី អំពីតួនាទី និងការទទួលខុសត្រូវរបស់យុវជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន៕







No comments:

Post a Comment