Wednesday, February 08, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វី ហ្វីលីពីនបើកដៃឱ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនបន្ថែម?

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលសមាជិកហ្វីលីពីន បានបិទបញ្ចប់វត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិក កាលពីដំបួងឡើយមានមូលដ្ឋានទ័ព អចិន្ត្រៃយ៍ចំនួន២ នៅលើទឹកដីហ្វីលីពីន ប៉ុន្តែប្រជាជនហ្វីលីពីនភាគច្រើនយល់ថាមូលដ្ឋានទ័ពនេះគឺជាមរតកនៃអាណានិគមអាមេរិក ហើយពួកគេចង់ឱ្យទីក្រុងវ៉ាស៊ីនតោន បិទមូលដ្ឋានទ័ពទាំងនេះ ដើម្បីបញ្ជាក់ពីឯករាជ្យភាព នៃប្រទេសរបស់ពួកគេ។

ក៏ប៉ុន្តែ បច្ចុប្បន្ន រដ្ឋាភិបាលលោកប្រធានាធិបតី Ferdinand Marcos Jr បានបើកភ្លើងបៃតងឱ្យសហរដ្ឋអាមេរិក បង្កើនវត្តមានយោធានៅក្នុងប្រទេសហ្វីលីពីនសាជាថ្មី តាមរយៈការអនុញ្ញាតឱ្យ កងទ័ពអាមេរិកចូលប្រើមូលដ្ឋានទ័ព ៤បន្ថែមទៀត ដោយនេះធ្វើឱ្យចំនួនមូលដ្ឋានទ័ពហ្វលីពីនដែលអាមេរិកអាចចូលប្រើកើនឡើងដល់ចំនួន៩។ តែប្រជាជនហ្វីលីពីនមួយចំនួនបានបង្ហាញការជំទាស់ទៅនឹង ការពង្រីកវត្តមានយោធាអាមេរិកនេះ។

* តើអ្វីទៅជាកិច្ចព្រមព្រៀងថ្មីរវាងហ្វីលីពីន និងអាមេរិក?

ការពង្រីកបន្ថែមនៃកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ហៅកាត់ថា EDCA ដែលបង្កើតឡើងដំបូងកាលពីឆ្នាំ២០១៤ ត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈនេះ នាឱកាស នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក្នុងទីក្រុងម៉ានីល។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកអាចចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនចំនួន៤ បន្ថែមពីលើ មូលដ្ឋានទ័ពចំនួន ៥ ដែលកងទ័ពអាមេរិកកំពុងប្រើ មានដូចជាមូលដ្ឋានទ័ពនៅក្នុងខេត្ត Palawan, Pampanga, Nueva Ecija, Visayas និងខេត្ត Mindanao។

បើតាមសេចក្ដីថ្លែងការណ៍រួមមួយ កិច្ចព្រមព្រៀង EDCA បានអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺន​រួមគ្នា, ការរក្សាទុកសម្ភារត្រៀមជាមុន ក៏ដូចជាការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំងផ្លូវយន្តហោះ កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅសម្រាប់កងទ័ព ដោយមិនអាចរក្សាវត្តមានយោធាជាអចិន្រ្តៃយ៍បានឡើយ តែអាចស្នាក់នៅឈរជើង បានយូរជាមុន។ សេចក្តីថ្លែងការណ៍ដដែល មិនបានបញ្ជាក់ឱ្យច្បាស់អំពីទីតាំងនៃមូលដ្ឋានថ្មីទាំង៤ឡើយ។ ប៉ុន្តែ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯកហ្វីលីពីន លោក Bartolome Vicente Bacarro បានបង្ហើបឱ្យដឹងថាសហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់មូលដ្ឋានទ័ពចំនួន២ នៅខេត្ត Cagayan, ចំនួនមួយនៅក្នុងខេត្ត Palawan, មួយក្នុងខេត្ត Zambales និងមួយទៀតក្នុងខេត្ត Isabela។ ខេត្តប៉ាឡាវ៉ាន (Palawan) ស្ថិតនៅទល់មុខគ្នានឹងទីប្រជុំកោះមាននៅជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈខេត្ត Cagayan និង Isabela ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីនដែលនៅក្បែរទៅនឹងកោះតៃវ៉ាន់។ លើសពីនេះទៅទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀង EDCA សហរដ្ឋអាមេរិកបានផ្ដល់កញ្ចប់ថវិកា ៨២លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅឯមូលដ្ឋានទ័ពដែលមានស្រាប់នាពេលបច្ចុប្បន្ន។

* ហេតុអ្វីហ្វីលីពីន អនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រីកវត្តមានយោធា?

បើតាមក្រុមអ្នកវិភាគ ចិនជាកត្តាចម្បងជំរុញឱ្យសហរដ្ឋអាមេរិក និងហ្វីលីពីនសម្រេចបានកិច្ចព្រមព្រៀងថ្មីខាងលើ។ សម្រាប់សហរដ្ឋអាមេរិក ហ្វីលីពីនជាទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រមួយ ដ៏សំខាន់មិនអាចខ្វះ បានដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន និងដើម្បីការពារតៃវ៉ាន់ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ ចំណែកឯ ហ្វីលីពីនវិញ ត្រូវការសហរដ្ឋអាមេរិកជាខ្នងបង្អែក ដើម្បីមានទឹកមាត់ប្រៃនិយាយជាមួយចិនក្នុងសំណុំរឿង ជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយក៏អាចពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដែរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពង្រីកវត្តមានយោធាអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងស្ដារទំនាក់ទំនងឡើងវិញជាមួយហ្វីលីពីន ចាប់តាំងពីលោក Ferdinand Marcos Jr ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០២២។ លោក Kenneth Faulve-Montojo ជាអ្នកជំនាញម្នាក់លើនយោបាយហ្វីលីពីន និងជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់មកពី សាកលវិទ្យាល័យ Santa Clara University មានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានកត់សម្គាល់ថាជាការពិតណាស់ ហ្វីលីពីនមិនអាចប្រឈមមុខនឹងចិនតែម្នាក់ឯងបាននោះឡើយ ដូច្នេះ ទីក្រុងម៉ានីលត្រូវការជាចាំបាច់នូវជំនួយពីសហរដ្ឋអាមេរិក ដែលនេះសម្រាប់ហ្វីលីពីន និងសហរដ្ឋអាមេរិក ជាការផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។

សហរដ្ឋអាមេរិក កំពុងផ្ដោតជាសំខាន់លើការខ្ទប់ការកើនឡើងឥទ្ធិពលចិន និងការពារតៃវ៉ាន់ ដូច្នេះការពង្រីកវត្តមានយោធានៅក្នុងតំបន់អាស៊ី គឺជាសារមួយយ៉ាងច្បាស់បញ្ជូនទៅឱ្យចិន។ ក្រុមអ្នកវិភាគជាច្រើន យល់ថាជាលក្ខណៈភូមិសាស្រ្ត ហ្វីលីពីនជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ដល់សហរដ្ឋអាមេរិក ពីព្រោះថាកោះមួយចំនួនរបស់ហ្វីលីពីន អាចនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវ អត្ថាប្រយោជន៍លើសមត្ថភាពធ្វើ អន្តរាគមន៍យោធា ដែលមូលដ្ឋានទ័ពអាមេរិកដទៃដូចជានៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ឬនៅក្នុងប្រទេសថៃ មិនអាចផ្ដល់ឱ្យបានឡើយ។ ពោលគឺហ្វលីពីនប្រៀបដូចជាផ្លូវចូលទៅកាន់ផ្លូវទឹកយុទ្ធសាស្ត្រ សំខាន់ៗនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលអាចនឹងផ្ដល់ភាពបត់បែនដល់កងទ័ពអាមេរិក ព្រមទាំងនឹងជាការបើកផ្លូវសម្រួលដល់ការធ្វើអន្តរាគមន៍ចូលរួមរបស់កងទ័ពអាមេរិក មិនថាតែនៅក្នុងតំបន់ អាស៊ីឦសានប៉ុណ្ណោះទេ (កូរ៉េខាងត្បូង និងជប៉ុន) តែក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ននៅតែបន្តស្ថិតក្នុងភាពតានតឹងនៅឡើយ ហើយក្រុមអ្នកវិភាគមួយចំនួនថែមទាំងព្យាករដែរថាជម្លោះ ឬសង្រ្គាមរវាងអាមេរិក និងចិន ដើម្បីតៃវ៉ាន់អាចនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ជាក់ស្ដែង មេបញ្ជាការកងទ័ពអាកាសអាមេរិក បានព្យាករនៅក្នុងកំណត់ហេតុមួយច្បាប់ផ្ញើទៅកាន់ថ្នាក់លើរបស់លោកថា សង្រ្គាមអាចនឹងផ្ទុះ នៅឆ្នាំ២០២៥៕ (Fresh News)


No comments:

Post a Comment