Wednesday, February 08, 2023

បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

 

បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្តោយប្រមាណ ១១៦គ.ម ទទឹងប្រមាណពី ៣០គម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន។ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ប្រចាំឆ្នាំ។

វិសាលភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ពេលបឹងទន្លេសាប មានផ្ទៃក្រឡាប្រមាណ ២៥០,០០០ហិកតា ជម្រៅពី ១-២ម៉ែត្រ ហើយនៅរដូវវស្សា បឹងមានផ្ទៃក្រឡាប្រមាណ ១,៥០០,០០០ហិកតា ជម្រៅពី ៨-១១ម៉ែត្រ។ ផ្ទៃទឹកបឹងទន្លេសាបនៅរដូវវស្សា បានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ បរិមាណទឹកបឹងទន្លេសាបប្រែប្រួល ប្រមាណពី ៤,៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ ១៣៥,០០០លានម៉ែត្រគូប នៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥-៦ ដង។ 

លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេ          មេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។ បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដីធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ជីវសាស្ត្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន មច្ឆជាតិ ១៧៥ប្រភេទ ក្នុងនោះ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ និងរុក្ខជាតិជាង ២០០ប្រភេទ។ ទោះបីជាបឹងទន្លេសាបជាប់ជាតំបន់សម្បូរផលនេសាទទឹកសាបចំណាត់ថ្នាក់ទី៤លើពិភពលោក និងផលនេសាទច្រើនបំផុតរបស់ប្រទេសកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប មានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្មបន្ទាប់បន្សំ។

 បឹងទន្លេសាប ជាតំបន់ដែលផលិតធនធានជលផលលំដាប់កំពូលមួយក្នុងចំណោមតំបន់ផលិតផលផលកំពូលទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ការផលិតត្រីទឹកសាបភាគច្រើនរបស់កម្ពុជា។ បច្ចុប្បន្នបឹងទន្លេសាបនិងអាងរបស់វាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្រមូលផលនេសាទខុសបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបង្កជាការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាប។







No comments:

Post a Comment