Wednesday, February 08, 2023

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណពិធីរំលឹកខួប៤៥ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា។ ក្នុងនោះក៏មានការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ៤៩រូប ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ឧត្តមសេនីយ៍ តំណាងមកពីក្រួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយសេនាធិការ និងអភិបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង។ សូមរំលឹកថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបាននាំយកពីវៀតណាម ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីបូជាតាមប្រពៃណីសាសនា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបានបូជារួច ត្រូវបានតម្កល់នៅក្នុងអគារមិត្តភាពជាបណ្តោះអាសន្នរង់ចាំពិធីឆ្លងមហាចេតិយរួច នឹងធ្វើពិធីរំកិលកោដិយុទ្ធជនទាំង៤៩រូបនោះ ទៅតម្កល់ទុកក្នុងមហាចេតិយទៅតាមការគ្រោងទុក។ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ត្រូវបានធ្វើពិធីប្រគល់ និងទទួល នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ដំណាងក្រសួងការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកម្លាំងប្រដាប់អាវុធហត្ថអាជ្ញាធរដែនដីលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួចកម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦៕





No comments:

Post a Comment