Wednesday, March 30, 2022

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំ​ធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២នេះ ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋ​បាលរាជធានីភ្នំពេញ។ 

អ្នកនាំពាក្យសាលារាជរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោម​ផែនការដែលបានរៀបចំ​ទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ពួកគេបានសម្តែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្ដទុកជាមុន រួមមាន៖ អ្នកសម្តែងធ្វើជាតួកំសត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំ អង្វរ និងតួជនរងគ្រោះធ្វើជាដួលសន្លប់ ហើយអ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ចុះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្ដីអសុរោះ កាយវិការអសីលធម៌គ្រប់បែបយ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹងទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយដែលនឹងក្លាយទៅជាចំណីរបស់តួដែល ត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក។

ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះ រាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ មិនទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាកាំរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយដើម្បីស្វែងរកអ្នកប្រព្រឹត្ត មកទទួលខុសត្រូវនៅឡើយទេ។ នេះសរបញ្ជាក់ឱ្យឃើញថាគឺជាការចោទប្រកាន់ដែលប្រាសចាកពីការពិត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ទោះស្ថិតក្នុងឧបាយកលដ៏អាក្រក់របស់មនុស្សមួយក្តាប់តូច ដែលកំពុងប្រើប្រាស់ក្រុមបាតុករធ្វើជា​ឈ្នាន់យ៉ាងណា​ក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមបន្តការខិតខំ អត់ធ្មត់ និងបំពេញតួនាទីយ៉ាង​ហ្មត់ចត់ជាទីបំផុត ដើម្បីកុំឱ្យធ្លាក់ចូលក្នុងឧបាយកលដ៏ខ្មៅកង្វក់មួយនេះ បើទោះជាត្រូវស៊ូទ្រាំ រងការប្រមាថមើលងាយ រហូតឈានដល់ទទួលរងការប្រើអំពើហិង្សា​បង្ករបួសស្នាមពីសំណាក់ក្រុមបាតុករសារជាថ្មីនៅថ្ងៃនេះយ៉ាងណាក៏ដោយ៕




No comments:

Post a Comment