ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ស្ពានមិត្តភាពកម្ពុជា-ចិន
និងផ្លូវជាតិលេខ៩ នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៥ ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា ច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល
នឹងចេញក្នុងពេលឆាប់ៗ ខាងមុខនេះ។
សម្តេចតេជា ហ៊ុន សែន
បានថ្លែងថា
គោលបំណងដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំជំរុញឲ្យមានច្បាប់នេះ
គឺដើម្បីកំណត់សិទ្ធិអំណាច អង្គការ សមាគមក្រៅរដ្ឋាភិបាលទាំងនោះ
"សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់ តួនាទីខ្លួន កម្រិតណា។
ហើយខ្ញុំសូមប្រកាសទុកជាមុនច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល
នឹងចេញនាពេលខាងមុខ កុំឲ្យគេថា ធ្វើការតាមចិត្តចង់។
ព្រោះឥលូវអ្នកឯងកំពុងឋិតនៅក្រៅច្បាប់ហើយបើចង់មានបញ្ជីជាតិ
ទាល់តែធ្វើអាច្បាប់ហ្នឹងបានចុះបញ្ជីជាតិបាន។
អញ្ជឹងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ត្រូវតែចេញ"។
សម្តេចតេជោ បានថ្លែងថាច្បាប់គជបថ្មីត្រូវបានរដ្ឋសភាដែលតំណាងឲ្យប្រជាជនជា
អ្នកអនុម័ត រួចឆ្លងទៅព្រឹទ្ធសភាត្រួតពិនិត្យ និងត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ
ប៉ុន្តែបើយល់ថាច្បាប់ គ.ជ.ប ថ្មីមិនល្អ នោះគួរតែប្រើច្បាប់ចាស់វិញ។
សម្តេចបញ្ជាក់ទៀតថាទោះជាយ៉ាងណារដ្ឋសភាជាតិមិននឹងធ្វើបែបនេះ តាមតែការរិះគន់របស់សង្គមស៊ីវិលនោះទេ។
សម្តេចក៏បានរិះគន់អង្គការសង្គមស៊ីវិលដែលតាំងខ្លួនថាអព្យាក្រឹត តែដើរហែគណបក្ស
និងជេរគេឯង។
គួររំលឹកថា នាពេលកន្លងមក សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន
ធ្លាប់បានធ្វើការរិះគន់ និងសំដែងការមិនពេញចិត្ត រួមទាំងបានធ្វើការជំទាស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា
ដែលគ្រោងរៀបចំឲ្យមានច្បាប់គ្រប់គ្រងអង្គការ ក៏ដូចជាសមាគមក្រៅរដ្ឋាភិបាលនេះ
ដោយពួកគេចាត់ទុកថា ការធ្វើច្បាប់នេះនឹងរឹតបន្តឹងសិទ្ធិសេរីភាពរបស់ពួកគេ
គឺក្នុងន័យថា ពួកគេចង់ជិះសេះលែងដៃ។ ទោះជាយ៉ាងនេះក្តីប្រមុខរាជរដ្ឋាភិបាលធ្លាប់បានអះអាងថា
ច្បាប់គ្រប់គ្រងអង្គការ គឺគ្រាន់តែធ្វើឡើងដើម្បីការពារការប្រព្រឹត្តខុសឆ្គងរបស់អង្គការសមាគមតែប៉ុណ្ណោះ
វាមិនមានផលអាក្រក់អ្វីឡើយបើអង្គការសមាគមទាំងនោះមិនបានប្រព្រឹត្តអ្វីដែលខុសនឹងច្បាប់នោះ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment