Tuesday, April 25, 2017

ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើងនៅ​ឧបទ្វីបកូរ៉េ​

ប្រ​ធា​នា​ធិប​តី​ចិន លោក Xi Jinping បាន​ជំរុញ​ឱ្យ​មាន​ «​ការ​អត់​ធ្មត់» លើ​កូរ៉េ​ខាង​ជើង​ តាម​រយៈ​ការ​និយាយ​ទូរស័ព្ទ​ជា​មួយ​នឹងលោក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែ​ល​ប្រ​ទេស​ជប៉ុន​បាន​ចូល​រួមធ្វើ​​សម​យុទ្ធជា​មួយ​នឹងនា​វា​ដឹក​យន្ត​ហោះ​របស់​អា​មេ​រិក​ឆ្ពោះ​ទៅ​កាន់​ឧ​ប​ទ្វីប​កូរ៉េ។
មេ​ដឹក​នាំ​អា​មេ​រិក​បាន​អំពាវ​នាវ​ម្តង​ហើយ ​ម្តងទៀត​ ដល់​ប្រ​ទេស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​តែ​មួយ​គត់​របស់​កូរ៉េ​ខាង​ជើងឱ្យ​ធ្វើ​ការ​ន្ថែម​ទៀត​ដើម្បី​ទប់​​ស្កាត់​ទី​ក្រុង​ព្យុង​យ៉ាង ខណៈ​ដែល​​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ចំពេល​ដែល​មាន​ការ​លើក​ឡើង​ថា ខ្លួន​នឹង​ធ្វើ​តេស្ត​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​ផ្សេង​ទៀត។
បើយោង​តាម​ក្រ​សួង​ការ​បរ​ទេស​ចិន​បាន​ឱ្យ​ដឹង​ថា លោក Xi បាន​និយាយ​ថា «​ប្រ​ទេស​ចិន​សង្ឃឹម​ថា ភាគីពាក់​ព័ន្ធ​​រក្សា​បាន​នូវ​ការ​អត់​ធ្មត់​ និង​ចៀស​វាង​រាល់​សកម្ម​ភាពទាំង​ឡាយ​ណា​ដែល​នឹង​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ធ្ងន់​ធ្ងរឡើង​​នៅ​ឧ​ប​ទ្វីប​កូរ៉េ»។
គាត់​បាន​និយាយ​ថា «មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សម្រេច​បាន​នូវ​ការ​រំសាយ​អាវុធ​នុយ​ក្លេ​អ៊ែរនៅ​ឧ​ប​ទ្វីប​កូរ៉េ​ និង​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឱ្យ​បាន​ឆាប់​រហ័ស គឺ​ភាគី​និមួយៗ​ដែល​ជាប់​ពាក់​ព័ន្ធ​ត្រូវ​តែ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន»។
លោក Xi បាន​ប្រាប់​លោក​ Trump ថា «ស្ថាន​ភាព​អន្តរ​ជាតិ​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័សគឺ​វា​សំខាន់​ណាស់​ដែល​​ចិន និង​អា​មេ​រិក​រក្សា​បាន​នូវ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​ការផ្លាស់​ប្តូរ​យោ​បល់​គ្នា​លើ​បញ្ហា​សំខាន់ៗ​ឱ្យ​បាន​ទាន់ពេល​វេ​លា»។
លោក Trump បាន​ថ្លែង​​ផង​ដែរ​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក Shinzo Abe កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ពិ​ភាក្សា​គ្នា​ពី​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ដែល​កំពុង​តែ​ប្រ​ព្រឹត្ត​ទៅ​រវាង នាវា Carl Vinson របស់​អា​មេ​រិក និង​កង​កម្លាំង​ស័្វយ​ការ​ពារ​ដែន​សមុទ្រ​របស់​ជប៉ុន។
ការ​លក់​រនាំ​ង​ការ​ពារ​​អាវុធ​នុយ​ក្លេ​អ៊ែរ និង​ឧប​ករណ៍​បន្សុត​ខ្យល់​វិទ្យុ​សកម្ម​បាន​កើន​ឡើង​នៅ​ក្នុង​ប្រ​ទេស​ជប៉ុន​នារយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​ដែល​កូរ៉េ​ខាង​ជើង​បាន​បន្ត​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​ ដែល​ប្រ​ឆាំង​ទៅ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​អន្តរ​ជាតិ។
លោក Abe បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា «​យើង​បានឯក​ភាព​ទាំង​ស្រុង​​ដែល​យើង​បាន​ទាម​ទារ​យ៉ាង​ខ្លាំង​ឱ្យ​មាន​ការ​អត់​ធ្មត់​ពី​ភាគី​កូរ៉េ​ខាង​ជើង​ ដែល​បាន​បង្ក​ឱ្យ​មាន​សកម្ម​ភាព​ដ៏​គ្រោះ​ថ្នាក់​ម្តង​ហើយ​ម្តង​ទៀត»។
ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​ថ្មីបាន​បញ្ជាក់​ថា គាត់​នឹង​មិនអនុញ្ញាត​ឱ្យ​កូរ៉េ​ខាង​ជើង​សម្រេចបាន​​នូវ​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការផលិត​អាវុធ​មីស៊ីល​ដែល​បំពាក់​ក្បាល​នុយ​ក្លេ​អ៊ែរ​ដែល​មាន​សមត្ថ​ភាព​ ដើម្បី​បាញ់​ទៅ​ប៉ែក​ខាង​លិច​សហ​រដ្ឋ​អា​មេ​រិកឡើយ៕

ប្រភព: Daily Sabah ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧


No comments:

Post a Comment