Tuesday, April 25, 2017

កងកម្លាំងជាង៤០០នាក់ បានធ្វើដំណើរទៅប្រទេសម៉ាលី ដើម្បីប្តូរវេនកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកំទេចគ្រឿងផ្ទុះ

កងកម្លាំងចំនួន៤២៩នាក់ ក្នុងនោះមាននារី៤៣នាក់ ដែលបានជ្រើសរើសសម្រិតសម្រាំងពីគ្រប់អង្គភាព ស្ថាប័នចម្រុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ត្រូវបានបញ្ចូនទៅប្រទេសម៉ាលី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីប្តូរវេនកងម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកំទេចគ្រឿផ្ទុះ ៣៣៣ ដែលបានបំពេញបេស​កកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីអស់រយៈពេល០១ឆ្នាំ ប្រកបដោយជោគជ័យ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងកម្ពុជាដែលជូនដំណឹងនាពេលនេះ បានធ្វើការហ្វឹកហ្វឹនយ៉ាងស្ទាត់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពរយៈពេលជាង១០ខែ ក្រោមការធ្វើតេស្តប្រឡងវាស់ស្ទង់សមត្ថភាព គុណភាពយ៉ាងច្បាស់លាស់ និងមានតម្លាភាព និងសមត្ថភាពដូចកងទ័ពមុនៗ។ ហើយកងកម្លាំងទាំង៣កងដែលត្រូវទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីនាពេលនេះ មាន២កង គឺជាកងកម្ទេចគ្រាប់មីនមិនទាន់ផ្ទុះមានភារកិច្ចឈរជើងនៅទីតាំងចំនួន៤រួមមាន GAO. ANEFIS. TOMBUKTU. និងMOPTI និងកម្លាំងវិស្វកម្មព្រលានយន្ដហោះដែលត្រូវឈរជើងនៅតំបន់KIDAL និង TESSALIT ទាំង៣កងនេះដោយបាននាំយកទៅជាមួយសម្ភារៈបរិក្ខា គ្រឿងបន្លាស់ និងឱសថសម្រាប់បំពេញបន្ថែមលើសម្ភារៈដែលមានស្រាប់ដែលអាចធានាបានក្នុងបេសកកម្មក្នុងរយៈមួយឆ្នាំ  ។
លោកស្រី Debora Comini តំណាងអ្នកសម្របសម្រូលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងកម្ពុជា ដែលជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តរជាតិ និងជាគម្រូដ៏ល្អសម្រាប់ពិភពលោក ដែលអាចបញ្ជាក់បានថាកម្ពុជាបានតាំងចិត្តប្រកបដោយមនុស្សធម៌សម្រាប់ជួយអ្នកដទៃក្នុងការចែករំលែកជំនាញដល់បណ្តាប្រទេសនានាដែលកំពុងទទួលការរងទុក្ខដោយជម្លោះឱ្យមានសន្តិភាព។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ប្របកដោយមោទនភាព ដែលកម្ពុជាមានស្នាដៃធំៗជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព លើវិស័យមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិក្នុងនោះក៏មានការដណ្តើមមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសាកីឡាប៉េតង់ដែលមានវត្តមានកីឡាការិនីនៃកងយោធពលខេមរភូមិន្ទ០២រូបផងដែរ។
អគ្គមេបញ្ជាការនៃកងយោធពលខេរៈភូមិន្ទ ក៏បានផ្ដាំផ្ញើដល់នាយ និងពលទាហានទាំងអស់ដែលត្រូវចេញទៅបំពេញបេសកម្មបន្ដជាលក្ខណៈអន្ដរជាតិ ត្រូវអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំនុចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងជៀសវៀងរាល់អំពើទាំងឡាយណាដែលល្មើសទៅនឹងវិន័យរបស់អង្គការសហប្រជាជាតិ និងប្រាសចាកពីច្បាប់លក្ខន្ដិកៈរបស់កងយោធពលខេរៈភូមិន្ទ៕

អត្ថបទ៖ សាវឿន





No comments:

Post a Comment