Tuesday, April 25, 2017

ក្រសួង​ទេសចរណ៍ បើកវ​គ្គបណ្តុះបណ្តាល ស្តី​ពីការត​ម្រង់ទិសម​ន្ត្រីរាជកា​រក្របខណ្ឌ​ថ្មី ដើម្បី​ឆ្លើយតបកំណើនភ្ញៀវទេសចរណ៍

ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងត្រូវការធនធានមនុស្សជំនាញផ្សេងៗជាច្រើនបន្ថែមទៀតសម្រាប់ធ្វើការជាមួយអ្នកជំនាញទេសចរដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរណ៍ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសមន្ត្រីរាជការក្របខណ្ឌថ្មីនៅថ្ងៃទី២៤ ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក លោក គង់ សូលីដា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋាបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជាត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ លើជំនាញបដិសណ្ឋារកិច្ច, អ្នកនាំភ្ញៀវ ផ្នែកសណ្ឋាគារ និងចុងភៅជាដើមដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនក្នុងឧស្សាហកម្មទេសចរ។
លោកបន្តថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ដើរទៅមុខប្រកបដោយនិរន្តភាពយូអង្វែងនោះ ទាមទាឱ្យមន្ត្រីទេសចរណ៍ទាំងអស់មានចំណេះដឹងផ្នែកលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធច្បាប់ ជំនាញគ្រប់គ្រងទីផ្សារ និងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ជាដើម។
ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីរាជការ ក្របខណ្ឌថ្មីចំនួន៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៨ មេសា ដោយមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ ក្នុងនោះមកពីទីស្តីការក្រសួងចំនួន ៣៤នាក់ និងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ៦៦នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យមន្ត្រីជំនាន់ថ្មីបានយល់ដឹងស៊ីជម្រៅពីការងារបុក្គលិក សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ការងាររដ្ឋាបាល និងកិច្ចការទូទៅដើម្បីបង្កើនប្រសិទ្ធភាពការងារវិស័យទេសចរ។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លាននាក់ និងទេសចរក្នុងស្រុកជាង ១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិចំនួន ៣៤០០លានដុល្លាសហរដ្ឋអាមេរិក។ ដោយបង្កើតការងារដោយផ្ទាល់ជាង ៦០ម៉ឺនាក់ និងដោយប្រយោលជាង ១លាននាក់ទៀតផងដែរ។
ដោយឡែកសម្រាប់រយៈពេល២ខែ ដើមឆ្នាំ២០១៧ នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្ពុជាមានចំនួនជាង១លាននាក់ កើនឡើង១២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក៕



No comments:

Post a Comment