Tuesday, April 25, 2017

លោក សុខ ឥសាន៖ តើគណបក្សប្រឆាំងសង្ឃឹមឈ្នះម្ត៉េចបានទៅ?

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ ជូនសាធារណជនថាលទ្ធភាពនៃការឈ្នះក្នុងការបោះឆ្នោតរបស់គណបក្ស ប្រឆាំងនៅកម្ពុជានៅក្នុងឆ្នាំ២០១៧ និង២០១៨ គឺគ្មានទាល់តែសោះ ដោយសារតែ​ការចាក​ចេញពីផ្ទៃក្នុងទៅបង្កើតគណបក្សផ្សេងៗ។
លោក សុខ ឥសាន បានបញ្ជាក់ថា នៅឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិបានទទួលការគាំទ្រពីច្រើនប្រភព ដែលធ្វើឱ្យគណបក្សប្រឆាំងមួយនេះបានសម្លេងឡើងដល់៥៥ កៅអី ។ នេះចាត់ទុកជាចំណុចកំពូលរបស់គណបក្សប្រឆាំងនេះហើយ។ ឥឡូវកម្លាំងនយោបាយទាំងនោះបានចាកចេញពីគណបក្សប្រឆាំងអស់ហើយ តើមានសង្ឃឹមស្អីទៀត?
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា សន្ទុះចាកចេញទាំងនោះរួមមានដូចជា៖ លោកតា ម៉ម សូណង់ដូ បានដឹកនាំសមាជិកសមាគមអ្នកប្រជាធិបតេយ្យទៅបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ លោក សួន សេរីរដ្ឋា ដែលធ្លាប់បានបោះឆ្នោតឱ្យគណបក្សប្រឆាំង ឥឡូវបានចាកចេញមកបង្កើតគណបក្សអំណាចខ្មែរដោយឡែកហើយ។ លោកស្រី ឡាក់ សុភាព បានចាកចេញពីគណៈនាយកគណបក្សប្រឆាំងមកបង្កើតគណបក្សមួយដោយឡែក។ លោកបណ្ឌិត ហ៊ាង ឬទ្ធី ក៏បានចាកចេញមកបង្កើតគណបក្សថ្មីមួយដែរ និងមានឥស្សរជនជាច្រើនទៀតបានផ្តាច់ចេញពីគណបក្សប្រឆាំង។
លោក សុខ ឥសាន ក៏បានបញ្ជាក់ បើមានការចាកចេញនិងដកថយការគាំទ្រយ៉ាងដូច្នេះ តើគ​ណបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ នឹងមានសង្ឃឹមស្អីថាបានសម្លេងច្រើនលើសពីឆ្នាំ២០១៣ នោះ ? គ្មានផ្លូវទេ មានតែថយ ថយខ្លាំងមែនទែនបើប្រៀបនឹងឆ្នាំ ២០១៣ ដែលឡើងដល់កំពូលហើយនោះ។
ដូច្នេះ គណបក្សប្រឆាំងដ៏ធំ និងមានសក្តានុពល នឹងក្លាយទៅជាគណបក្សអស់ឥទ្ធិពល និង ទៅជាគណបក្សតូចញ៉វិញដោយស្វ័យប្រវត្តិ នាឆ្នាំ ២០១៧ និង ២០១៨ ជាក់ជាមិនខាន។ គ្មាន​សង្ឃឹមឈ្នះ ដូចការអួតក្អេងក្អាងនោះឡើយ។ គណបក្សប្រឆាំងធ្វើដំណើរតាមខ្សែនៃខ្ទះផ្កាប់៕


No comments:

Post a Comment