Tuesday, April 25, 2017

ទស្សនវិភាគ៖ កម្ពុជាត្រូវការនីតិរដ្ឋដើម្បីនាំសុខដល់សង្គមជាតិ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គណនីហ្វេសប៊ុក សម្លេងយើង បានបង្ហោះផ្សាយ​អត្ថ​បទ​ទស្សនវិភាគមួយដែលមានចំណងជើងថា «កម្ពុជាត្រូវការនីតិរដ្ឋដើម្បីនាំសុខដល់សង្គមជាតិ» ដែលមានខ្លឹមសារដូចតទៅ៖

ប្រជាធិបតេយ្យសេរី នឹងក្លាយជាគ្រោះថ្នាក់ដល់ប្រជាជាតិបើគ្មានការពង្រឹងនីតិរដ្ឋ! ពោលគឺវាជាការផ្តល់ឱកាសដល់បុគ្គលនិងក្រុមឧទ្ទាមក្នុងការអនុវត្តន៍សេណារីយ៉ូនៃនយោបាយបង្កាត់ភ្លើងបដិវត្តន៍ពណ៌រុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភាពវឹកវរ ចលាចល បែកបាក់ បំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងរបបពហុបក្ស។

បច្ចុប្បន្នភាពនៅកម្ពុជាកំពុងប្រឈមមុខនឹងសេណារីយ៉ូនយោបាយបង្កាត់ភ្លើងបដិវត្តន៍ពណ៌របស់ក្រុមនយោបាយអាមេរិកាំងគាំទ្រគណបក្សសង្គ្រោះជាតិដែលមិនចង់ឃើញសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ ជាក់ស្តែង វិទ្យុអាស៊ីសេរីរបស់សហរដ្ឋអាមេរិកផ្នែកខេមរៈភាសា បាននិងកំពុងដើរតួនាទីជាចលករនៃការបង្កាត់ភ្លើងបដិវត្តន៍ពណ៌ និងក្នុងនោះគឺលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ ជា «ឧទ្ទាមជន» ដ៏គ្រោះថ្នាក់ម្នាក់នៃភ្នាក់ងារបរទេសដែលថ្មីៗនេះបានបន្លំខ្លួនចូលក្នុងពន្ធនាគារ។

ការពង្រឹងនីតិរដ្ឋ បានអនុវត្តច្បាប់មកលើបុគ្គលនេះនិងឈានចូលដល់អំណាចយុត្តាធិការក្នុងដៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញហើយ តាមរយៈការចេញដីកាកោះឱ្យចូលខ្លូនក្នុងឋានៈជា «ជនសង្ស័យ» ពីដំណើររឿង «ផ្តល់សេចក្តីប្រកាសដោយភូតកុហកបន្លំខ្លួនចូលពន្ធ​នាគារ» ដែលចែងក្នុងក្រមព្រហ្មទណ្ឌ។

យោងទិដ្ឋភាពច្បាប់ បើតុលាការរកឃើញថាមានកំហុសយោងក្រមព្រហ្មទណ្ឌ មាត្រា៦៣៣ ស្តីពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក នឹងអាចមានទោសពី ៦ខែដល់ ២ឆ្នាំ ហើយយោង​នីតិវិធីព្រហ្មទណ្ឌអាចឃុំខ្លួនបណ្តោះអាសន្នបើជនសង្ស័យមិនសហការ!

ទិដ្ឋភាពប្រព្រឹត្ត យោងឯកសារគឺបុគ្គលនេះប្រើឈ្មោះ ហួត រុទ្ធិ និងមុខងារជាជំនួយការតំ​ណាងរាស្ត្រ តែឈ្មោះពិតគឺ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងជាអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរៈភាសា។ ទិដ្ឋភាពយោងវីដេអូឃ្លីប លោក ឡុង រី បានប្រាប់មន្ត្រីពន្ធនាគារថា អ្នកមកជាមួយបីនាក់ជាសហការីរបស់គាត់ក្នុងនោះមានលោក ជុន ច័ន្ទបុត្រ ម្នាក់ដែរដែលភ្លាមនោះលោក ឡុង រី កៀកស្មាទាញឱ្យចូលតែម្តង។ រីឯ លោក ជុន ច័ន្ទបុត្រ បានប្រើឱកាសដើរចូលដោយមិនទីទើរជាមួយនឹងការបិទបាំងមុខមាត់ដោយពាក់មួកកាតឹប និងវ៉ែនតាខ្មៅ ហើយគ្មានប្រកែកមួយម៉ាត់ចំពោះការអះអាងរបស់លោក ឡុង រី។

លោក ជុន ច័ន្ទបុត្រ បានអះអាងមិនប្រាកដប្រជា៖ ១- មុនតុលាការកោះហៅ បានអះអាងជាសាធារណៈថាគោលដៅទៅពន្ធនាគារគឺដើម្បីសួរសុខទុក្ខជា «លក្ខណៈឯកជន» ប៉ុន្តែចៃដន្យបានជួបតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅទីនោះក៏ចូលទៅជាមួយគ្នាហើយបានបញ្ជាក់ថាខ្លួនមិនទៅណាទេ! ២- ក្រោយតុលាការចេញដីកាកោះហៅ សាម៉ីខ្លួនបែរជាយកអង្គភាពវិទ្យុរបស់អាមេរិកាំងជាអ្នកសម្រេចថានៅកម្ពុជាឬត្រឡប់ទៅវ៉ាស៊ីនតោនវិញហើយនិងនៅចូលបំភ្លឺនៅតុលាការឬមិនចូល!

យោងទិដ្ឋភាពច្បាប់ចែងក្នុងនីតិវិធីព្រហ្មទណ្ឌ អាចនាំឱ្យមានការឃុំខ្លួនបណ្តោះអាសន្នដោយទឡ្ហីករណ៍មួយចំនួនកើតចេញពីការបញ្ជាក់ជំហរមិនច្បាស់ក្នុងកិច្ចសហការជាមួយតុលាការ ដោយសារតែ ៖ ១- មានលទ្ធភាពចូលស្ថានទូតអាមេរិកព្រោះជាបុគ្គលសញ្ជាតិ២គឺពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ២- មានលទ្ធភាពទទួលការជួយអន្តរាគមន៍ពីស្ថាប័នបរទេសដើម្បីគេចខ្លួនពីដែនសមត្ថកិច្ចកម្ពុជា ៣- ជាបេសកជនសំខាន់ម្នាក់នៃភ្នាក់ងារបរទេសបម្រើឱ្យចល​នានយោបាយបំបះបំបោរក្នុងធុរកិច្ចបង្កាត់ភ្លើងបដិវត្តន៍នៅកម្ពុជាដែលតម្រូវឱ្យអំណាចតុលា​ការត្រូវឃុំខ្លួនបណ្តោះអាសន្នដើម្បីជាប្រយោជន៍ដំណើរការក្តី។

ដូច្នេះ អំណាចច្បាប់ និងអំណាចតុលាការមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់រាល់ចលនាឧទ្ទាមនិយម និងចារកម្មគ្រប់រូបភាពបំពានអធិបតេយ្យភាពជាតិ និងបំផ្លាញសន្តិភាព និងសន្តិសុខជាតិ៕
ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថានពលរដ្ឋវិជ្ជា


No comments:

Post a Comment