Tuesday, April 25, 2017

គោលការណ៍៩ចំណុច ដែលជួយជំរុញដល់ការយល់ដឹង របស់បងប្អូន​ប្រជាពលរដ្ឋខ្មែរ ​អំពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់​អាណត្តិថ្មីនេះ​

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ឆាប់ៗនេះ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ បើគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គឺនៅសល់រយៈពេលតែ៤១ថ្ងៃទៀតប៉ុណ្ណោះ។
តើប្រជាពលរដ្ឋត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន គឺមានគោលការណ៍៩ចំណុច ដែលជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច៖
១- ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២-  យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣- យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។
៤- យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥- យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ​បាយណាមួយឡើយ។
៦- អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា​ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧- ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ​របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨- ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជា​​ធិបតេ​យ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។
៩- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១- ខេត្ត​បន្ទាយ​មានជ័យ មានចំនួន ៦៥
២- ខេត្ត​បាត់ដំបង មានចំនួន ១០២
៣- ខេត្តកំពង់ចាម​ មានចំនួន ១០៩
៤- ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥- ខេត្តកំពង់ស្ពឺ​ មានចំនួន ៨៧
៦- ខេត្ត​កំពង់ធំ មានចំនួន ៨១
៧- ខេត្ត​កំពត មានចំនួន ៩៣
៨- ខេត្តកណ្ដាល មានចំនួន ១២៧
៩- ខេត្តកោះកុង មានចំនួន ២៩
១០- ខេត្តក្រចេះ មានចំនួន ៤៧
១១- ខេត្តមណ្ឌលគិរី មានចំនួន ២១
១២- រាជធានីភ្នំពេញ មានចំនួន ១០៥
១៣- ខេត្ត​ព្រះវិហារ មានចំនួន ៥១
១៤- ខេត្តព្រៃវែង មានចំនួន ១១៦
១៥- ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦- ខេត្តរតនគិរី មានចំនួន ៥០
១៧- ខេត្តសៀមរាប មានចំនួន ១០០
១៨- ខេត្តព្រះសីហនុ មានចំនួន ២៩
១៩- ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០- ខេត្តស្វាយរៀង មានចំនួន ៨០
២១- ខេត្តតាកែវ មានចំនួន ១០០
២២- ខេត្តកែប មានចំនួន ៥
២៣- ខេត្តប៉ៃលិន មានចំនួន ៨
២៤- ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥- ខេត្តត្បូងឃ្មុំ មានចំនួន ៦៤

គួររំលឹកផងដែរថា មានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ សូមអញ្ជើញ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕




No comments:

Post a Comment