Tuesday, April 25, 2017

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដាក់ជាសំនួរថា តើចង់បានសន្តិភាព ឬសង្គ្រាម ?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធទំនាក់ទំនងសង្គម តេឡេក្រាម ថា មានចរន្តពីរ ដែលត្រូវពិចារណា គឺទី១ អំពីពាក្យថា ចង់បានសន្តិភាព និងទី២ គឺ មិនចង់បានសន្តិភាព។
លោក សុខ ឥសាន បានពន្យល់យ៉ាងដូច្នេះថា៖
១- ចង់បានសន្តិភាព ៖ ចំពោះលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា បើចង់បា​ន​សន្តិភាព គឺត្រូវអភិវឌ្ឍន៏ កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីបំរើវិស័យសេដ្ឋកិច្ច  សម្រួល​ទំនាក់​ទំនងសហ​ប្រតិបត្តិការ និងកសាងតំបន់ព្រំដែនជាមួយប្រទេសជិតខាង។ បន្ថែមពីលើនេះ គឺកសាង ទីលំនៅដ្ឋាន​របស់​ប្រជាជនតាមបណ្តោយខ្សែព្រំដែន កសាង សាលារៀន មន្ទីរពេទ្យ បណ្តាញ​អគ្គិសនី ទឹកស្អាត បំរើជីវ​ភាពរ​ស់​នៅរបស់ប្រជាជនតាមតំបន់ព្រំដែន  និងកសាងប្រព័ន្ធធារា​សាស្ត្រ​សំរាប់​បំរើ​ការងារបង្កបង្កើនផលកសិកម្ម ។
លោកបានបន្ថែមថា ជាមួយក៏ត្រូវបើកទូលាយការទាក់ទងរវាងប្រជាជន និងប្រជាជន ដើម្បី​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជនដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី  បើក​ទូលាយ​ការ​វិនិយោគ​ធំៗ នៅតាមបណ្តោយព្រំដែន និងសម្រួលបែបបទរដ្ឋបាលផ្សេងៗ ដើម្បីសម្រួលភាពងាយ​ស្រួល​ដល់​ភ្ញៀវទេស​ចរណ៍ ចេញចូលទៅវិញទៅវិញទៅមក ។
ប៉ុន្តែ ចំនុចទី២ លោក សុខ ឥសាន បានពន្យល់ថា
២- មិនចង់បានសន្តិភាព ៖ គឺបិទច្រកព្រំដែន នៅពេលនោះនឹងគ្មានការអភិវឌ្ឈន៏ នៅតាមព្រំដែន  គ្មាន​ការ​តាំង​ទីលំនៅដ្ឋានរបស់ប្រជាជនតាមបណ្តោយខ្សែព្រំដែនជីកលេណដ្ឋានតាមបណ្តោយព្រំដែន ។ ពេលនោះ គឺនឹគ្មានទំនាក់ទំនងរវាងប្រទេសនិងប្រទេសរវាងប្រជាជន និងប្រជាជន និងក៏ជន នគ្មានការជួបចរចា ដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។
លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់មក នឹងគ្មានការយោគយល់គ្នាជាទ្វេភាគីទេ មានបញ្ហាបាញ់គ្នា លើកយកតែបញ្ហាមានក្នុងអតីតកាលមកធ្វើឲ្យមានការអរិភាពនឹងគ្នា បង្កើតរឿង ។
ជាចុង​បញ្ចប់ លោក សុខ ឥសាន បានគូសបញ្ជាក់ថា ដូច្នេះ ក្នុងការសម្រេចចិត្តបោះឆ្នោត គួរជ្រើសរើស​យក​មួយ​ណា​ល្អជាងឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឲ្យប្រទេសជាតិមានសន្តិភាពដែលទាំងអស់គ្នាចង់បាន៕

No comments:

Post a Comment