Monday, April 24, 2017

នាយករដ្ឋមន្រ្តីវៀតណាម នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃស្អែក

ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នឹងអនុញ្ញាតឱ្យ លោក ង្វៀង សួនហ្វ៊ុក (NguyenXuanPhuc) នា​យក​រដ្ឋមន្រ្តីវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់រដ្ឋសភា។
គួរបញ្ជាក់ថា លោក ង្វៀន សួនហ្វ៊ុក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជាផងដែរ។
គួររំលឹកផងថា នៅព្រឹកមិញនេះ លោកបានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕

No comments:

Post a Comment