Monday, April 24, 2017

លោក សាយ ឈុំ៖ កម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ទើបតែជាង១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​យើងមានការ​អភិវឌ្ឍរីក​ចម្រើនទាំង​ផ្នែកអាណាចក្រ​ និងពុទ្ធចក្រ​ គួរជាទីមោទនៈ​

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានថ្លែងជម្រាបអង្គពិធីថា “វត្តអង្គបឹងចក ក៏ដូចជាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ គឺត្រូវបានកំទេចដល់ឬសគល់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។
ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា តាមរយៈមហាជ័យជម្នះ នាថ្ងៃទី៧ មករា ១៩៧៩ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិស័យ ជំនឿ និងសាសនា វត្តអារាម ទីសក្ការៈបូជានានា ត្រូវបានរស់ឡើងវិញ។ កម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញទើបតែជាង១៩ឆ្នាំប៉ុណ្ណោះ តែយើងមានការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ គួរជាទីមោទនៈ។  វិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រះពុទ្ធសាសនា ក៏ជាមាគ៌ាដ៏ប្រពៃ ក្នុងការបំបាត់អំពើហឹង្សា ការប្រទូស្តរ៉ាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអំពើអានាចារ្យផ្សេងៗ ព្រះពុទ្ធសាសនា នៅកម្ពុជាធានាបាននូវសុខដុមនីកម្ម រវាងជំនឿ និងសាសនា ទាំងអស់ដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ”។
ប្រធានព្រឹទ្ធសភាបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់ថ្នាក់ ពុទ្ធបរិស័ទ និងប្រជាជនយើងទាំងអស់ចូលរួមថែរក្សាការពារអភិរក្ស និងបន្តអភិវឌ្ឍវត្តអង្គបឹងចករបស់យើង អោយមានការរីកចម្រើនប្រកបដោយចីរភាព ដើម្បីជាគុណប្រយោជន៍សម្រាប់បម្រើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាទីពឹងអាស្រ័យរបស់ពុទ្ធសាសនិកយើងទាំងខាងផ្លូវលោក ទាំងផ្លូវធម៌ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ប្រធានព្រឹទ្ធសភាក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ អោយបានគ្រប់ៗគ្នា។ លោកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន បោះឆ្នោតជូនគណបក្សណាដែលបងប្អូនស្រលាញ់ជឿទុកចិត្ត និងដែលស្គាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដែលតែងតែនៅជាមួយបងប្អូនក្នុងគ្រប់កាលៈទេសៈ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាងរបស់បងប្អូននៅថ្នាក់មូលដ្ឋាន និងនាំមកនូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ អោយមានការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់អនាគត៕

No comments:

Post a Comment