Monday, April 24, 2017

ជប៉ុនមានគម្រោងសាងសង់អគ្គកុងស៊ុលនៅក្នុងទឹកដីខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ជប៉ុនមានគម្រោង នឹងសាងសង់អគ្គកុងស៊ុលរបស់ខ្លួនមួយ នៅក្នុងទឹកដីខេត្តសៀមរាប។ ការលើកឡើងបែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ណាហ្ស៊ីដា កាហ្សូយ៉ា (Nashida Kazuya) អគ្គនាយកក្រសួងការបរទេសជប៉ុន រួមនឹងគណៈប្រតិភូជាច្រើននាក់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរ ដែលជប៉ុនបានផ្តល់ជំនួយធនធានមនុស្សដល់កម្ពុជា ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។ ក្រោយបញ្ចប់ការពិភាក្សា នៃថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ទាំងពីររូប លោក អ៊ុ សុកាន ជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានថា «ជប៉ុនមានផែនការ សាងសងអគ្គកុងស៊ុល នៅក្នុងខេត្តសៀមរាប ដោយសារតែនៅទីនោះមានចំនួនអ្នកទេសចរជនជាតិជប៉ុនច្រើន ទើបជប៉ុនសម្រេចដាក់ផែនការនៅទីនោះ»។
លោកបន្តថា ប្រទេសជប៉ុនមានគម្រោងអញ្ជើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នៅពេលខាងមុខនេះ ទាំងនេះជាសញ្ញាវិជ្ជមានមួយកម្រិតទៀត ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន។
ក្រៅពីកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទាំងពីរលើគម្រោង នៃការបង្កើតអគ្គកុងស៊ុល លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីការវិនិយោគទុន របស់ជប៉ុនលើទឹកដីកម្ពុជា ដែលមានការបង្កើតផ្សារទំនើប មន្ទីរពេទ្យ ក៏ដូចជាជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរ អេអ៊ិនអេ ដែលមានតាំងតែពីខែកញ្ញា ឆ្នាំ២០១៦ មកម្លេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹក និងកោតសរសើរដល់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ក្រុមហ៊ុនជប៉ុនបានប្រើទុនរបស់ខ្លួនលើទឹកដីកម្ពុជាមានដល់ទៅ ១,៣០០លានដុល្លារអាមេរិក ដែលនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អមួយរវាងកម្ពុជា និងជប៉ុន៕





No comments:

Post a Comment