Monday, April 24, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ ជនដែលគួរឱ្យអៀនខ្មាស់បំផុត!

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ​មួយដោយដាក់ចំណងជើងថា «ជនដែលគួរឱ្យអៀនខ្មាស់បំផុត!» ដែលមានខ្លឹមសារ​ដូច​ខាង​ក្រោម៖

ខណៈពលរដ្ឋបារាំងជាង៤៧លាននាក់ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានការគាំទ្រ ច្រើនជាងគេចំនួនពីររូប ទៅប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅជុំទី២ នៅថ្ងៃទី៧ ខែឧសភា ខាងមុខ ដើម្បីសម្រេចថា តើនរណាជាប្រធានាធិបតី ពិតប្រាកដដឹកនាំប្រទេសបារាំង រយៈពេល៥ ឆ្នាំជំនួសប្រធានាធិបតីចេញពីតំណែង ប្រង់ស្វ័រ ហូឡង់, អ្នកន​យោបាយមាន់សម្ល សញ្ជាតិបារាំងដើមកំណើតខ្មែរ សម រង្ស៊ី ដែលចាញ់ការបោះឆ្នោតចាស់វស្សា បានប្រើវិធីសាស្ត្រនយោបាយដដែលដោយភ្ជាប់ខ្លួនទៅនឹងបេក្ខជន និងកេងចំណេញនយោបាយ ដោយបានទស្សន៍ទាយថា បេក្ខជន អេម៉ានុយអែល ម៉ាក្រុង នឹងឈ្នះការបោះឆ្នោតហើយក្លាយជាប្រធានាធិបតីបារាំង នឹងជួយលើផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នេះមិនមែនជាលើកទី១ឡើយ ដែលអតីតមេបក្សប្រឆាំងស្ពាយទោសជាប់ខ្លួនបានប្រកាសដូច្នេះ។ ប្រកាសថា បេក្ខជននេះឈ្នះបេក្ខជននោះឈ្នះមិនទាន់ទាំងបោះឆ្នោតផងដូចអ្វីដែលខ្លួនបា និងកំពុងតែប្រកាសថាបក្សសង្គ្រោះជាតិរបស់ខ្លួន ឈ្នះការបោះឆ្នោតខណៈការបោះឆ្នោតមិនទាន់ធ្វើ។ នៅចុងក្រោយនេះ គេចាំបានថា សម រង្ស៊ី ក៏បានប្រកាសពីជ័យជម្នះរបស់លោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ និងបានបរិ​ហារបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ថាជាជនផ្តាច់ការ អាងទឹកប្រាក់ជាដើម និងរំពឹងយ៉ាងខ្លាំងថារដ្ឋការដឹកនាំដោយលោកស្រីអាមេរិកដែលនឹងជួយប្រទេសកម្ពុជាលើវិស័យផ្សេងៗជាពិសេសដាក់សម្ពាធលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ រឿងរ៉ាវនៃការបោះឆ្នោតនៅប្រទេសបារាំងរង់ចាំការសម្រេចរបស់ពលរដ្ឋប្រទេសនេះតាមរយៈសន្លឹកឆ្នោតប៉ុន្តែតាមរយៈការប្រកាសដោយចំហររបស់ សម រង្ស៊ី នេះអាចឱ្យយើងមើលឃើញចំណុចមួយចំនួន៖

១- សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា លោក អេម៉ានុយអែល ម៉ាក្រុង អនាគតប្រធានាធិបតីបារាំង (ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៧) ដែលនឹងអាចជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ជនជាតិបារាំងម្នាក់បាននិយាយថាបេក្ខភាពប្រធានាធិបតី ម៉ាក្រុង មិនស្គាល់ប្រទេសកម្ពុជាទេ។ សម រង្ស៊ី និយាយមិនដឹងខ្យល់អ្វីទាំងអស់គ្រាន់តែដើម្បីធ្វើប្រជាភិថុតប៉ុណ្ណោះ។ បេក្ខជន ម៉ាក្រុង ក៏មិនដែលស្គាល់ សម រង្ស៊ី ជានរណាដែរតែបុគ្គលនេះ ពិតជាមុខក្រាស់ផ្សាភ្ជាប់ខ្លួនទៅនឹងបុគ្គលល្បីដើម្បីបានថតរូបជា​មួយនិងមកបង្អូតពលរដ្ឋខ្មែរដែលដើរតាមខ្លួនប៉ុណ្ណោះដើម្បីបង្ហាញថាខ្លួនគឺជាជនដ៏ល្បី និងស្គាល់មេដឹកនាំធំៗនៅលើពិភពលោក។ តាមពិតអួតសោះ! គេចាំបានថា នៅអំឡុង ឆ្នាំ២០០២ ពេលដែលលោក ខូលីន ផោវែល រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមកប្រទេសកម្ពុជា សម រង្ស៊ី ដែលគ្មាននរណាអញ្ជើញនោះបានព្យាយាមជួបលោក ខូលីន ផោវែល ដោយទៅឈរចាំនៅមុខបន្ទប់ ដែលលោក ខូលីន ផោវែល ស្រស់ស្រូបអាហារពេលព្រឹកដើម្បីបានចាប់ដៃ និងថតរូបជាមួយ។ ពេលនោះមតិសាធារណៈរិះគន់យ៉ាងខ្លាំង ខណៈលោក ខូលីន ផោវែល មិនចាប់អារម្មណ៍ចាប់ដៃហើយក៏ដើរចេញ។ នេះគឺជាចរិតធូរថ្លៃរបស់មនុស្សម្នាក់ដែលជនមួយចំនួនលើកតម្កើងខ្ពស់កប់ពពក។

២- សម រង្ស៊ី ទន្ទឹមនឹងប្រកាសខ្លួនឯងថាប្រជាជនបារាំងដើមកំណើតខ្មែរ នឹងបោះឆ្នោតជូនបេក្ខភាព អេម៉ានុយអែល ម៉ាក្រុង ក៏បានអំពាវនាវដល់ប្រជាជនបារាំងដើមកំណើតឡាវ និងដើមកំណើតរវៀតណាមធ្វើជម្រើសដូចខ្លួនដែរ។ តើ សម រង្ស៊ី មានចំណងទាក់ទងអ្វីនឹងប្រជាជនបារាំងដើមកំណើតឡាវ ជាពិសេសដើមកំណើតជនជាតិវៀតណាមទាំងនោះបានជាធ្វើការអំពាវនាវឱ្យពលរដ្ឋបារាំងដើមកំណើតវៀតណាមនៅប្រទេសបារាំង? ឬមួយក៏ព្រោះថា សម រង្ស៊ីមានសែស្រឡាយវៀតណាម? មូលហេតុមួយទៀតទំនងជា សម រង្ស៊ី បាននិងកំពុងមានទំនាក់ទំនងស្អិតរមួតជាមួយនឹងចលនាវៀតណាមដែលប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម​បច្ចុប្បន្ន ដែលសម រង្ស៊ី បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយគ្នានាពេលកន្លងមកនៅឯសហរដ្ឋអាមេរិក។ ពេលនេះ សម រង្ស៊ី ក៏កំពុងតែមានចំណងទាក់ទងជាមួយពលរដ្ឋបារាំងដើមកំណើតវៀតណាមនៅបារាំងទៀត។ ចុះបើ សម រង្ស៊ី ត្រូវរ៉ូវជាមួយជនជាតិវៀតណាម​ ​ដូច្នេះហេតុអ្វីបានជានៅក្នុងប្រទេសកម្ពុជា សម រង្ស៊ី បានប្រើវោហាសាស្ត្ររើសអើងស្អប់ខ្ពើម ជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងយកបញ្ហាព្រំដែនជាមួយវៀតណាម មកធ្វើជាប្រធានបទឃោសនារបស់ខ្លួន? នេះពិតជាបង្ហាញថា អ្វីដែល សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិកំពុងតែធ្វើនេះគឺគ្រាន់តែជាប្រជាភិថុតិប៉ុណ្ណោះដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ក្នុងចំណោមប្រជាជនដើម្បីឱ្យរាស្ត្រស្អប់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន។ ប៉ុន្តែពីក្រោយខ្នង សម រង្ស៊ី មានទំនាក់ទំនងយ៉ាងល្អនឹងជនជាតិវៀតណាម។

៣- សម រង្ស៊ី តែងអំពាវនាវមេដឹកនាំពិភពលោកឱ្យដាក់សម្ពាធលើរដ្ឋាភិបាល និងរំពឹងថាមេដឹក​នាំពិភពលោកដែល សម រង្ស៊ី ផ្សាភ្ជាប់ដោយគ្មានការអនុញ្ញាតពីអ្នកទាំងនោះថានឹងជួយប្រទេសកម្ពុជាលើបញ្ហានេះបញ្ហានោះ។ តាមរយៈទង្វើនេះបង្ហាញថា សម រង្ស៊ី មិនមានឈាមជ័រស្រឡាញ់ជាតិខ្មែរពិតប្រាកដឡើយ គឺ សម រង្ស៊ី គ្រាន់តែយកឈាម និងទឹកភ្នែករាស្ត្រខ្មែររាប់លាននាក់ដើម្បីអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ដើរបង្កបញ្ហាសព្វបែបយ៉ាង បង្កចលាចល អស្ថិរភាព ញុះញង់ មានបញ្ហារត់ចោលស្រុកមិនព្រមទទួលខុសត្រូវព្រោះមានប្រទេសបារាំងជាប្រទេសទី២របស់ខ្លួនសម្រាប់គេចខ្លួន។ សម រង្ស៊ី ក៏មិនមែនជាអ្នកនយោបាយថ្លៃថ្នូរដែរ តែជាអ្នកនយោបាយកំសាក និងអ្នកនយោបាយឱនក្បាលនិយម និងអ្នកនយោបាយពឹងបរ​ទេ​ស​និយម។ មិនខិតខំពង្រឹងអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពដែនដីរបស់ជាតិខ្មែរ បែរជា សម រង្ស៊ី យកប្រទេសជាតិខ្លួនដាក់ក្រោមការគ្រប់គ្រងបរទេស ដើរអំពាវនាវបរទេសឱ្យមកធ្វើជាចៅហ្វាយនាយរបស់ជាតិខ្មែរ។ ឯណាទៅភាពថ្លៃថ្នូររបស់ជាតិខ្មែរ ដែលជាអតីតមហាអា​ណាចក្រមួយដ៏ធំ? សម រង្ស៊ី គឺជាអ្នកនយោបាយដ៏គួរឱ្យខ្មាសអៀនបំផុតដែលមិនស័ក្តិសមនឹងកើតជាជាតិខ្មែរឡើយ។

រាស្ត្រខ្មែរបានងើបតស៊ូប្រយុទ្ធប្រឆាំងដើម្បីសេរីភាព ប្រជាធិបតេយ្យ និងស្វែងរកសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការពារបូរណភាពដែនដីឱ្យបានគង់វង្ស តែសម រង្ស៊ី វិញ គិតតែពីដើរហែកកេរ្តិ៍ និងស្វែងរកចៅហ្វាយនាយសម្រាប់ខ្មែរទៅវិញ? សម្រាប់អ្នកមានគំនិតបរទេសនិ​យមដូច សម រង្ស៊ី ពិតជាមនុស្សគ្រោះថ្នាក់បំផុត ហើយសូម្បីតែគណបក្សសង្គ្រោះជាតិដែលខ្លួនធ្លាប់គ្រប់គ្រង ក៏បានពឹងបរទេសដែរ រហូតដល់បរទេសមកបង្រៀនរបៀបឃោសនាបោះឆ្នោតជាដើម។ ធ្វើដូច្នេះក៏មានន័យថា បើសិនជាបក្សនេះឈ្នះការបោះឆ្នោតនោះពិតណាស់កម្ពុជា  នឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បរទេសណាមួយជាក់ជាមិនខាន ព្រោះក្រុមនេះបានដាក់ខ្លួនឱ្យស្ថិតនៅក្រោមឥទ្ធិពលបរទេសតាំងពីពេលនេះទៅហើយ។

កម្ពុជាពេលនេះខុសពីកម្ពុជាពីអតីតកាល! កម្ពុជាពេលនេះ គឺជាប្រទេសមួយដែលមានសន្តិភាព ឯករាជ្យភាព និងបូរណភាពដែនដី ដែលប្រទេសនានាលើពិភពលោកទទួលស្គាល់ និងមានទំនាក់ទំនងស្មើភាពជាមួយប្រទេសនានា ជាសមាជិករបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនស្ថិតនៅក្រោមចំណុះនៃប្រទេសណាមួយឡើយ។ ការដែល សម រង្ស៊ី និងក្រុមរបស់ខ្លួនចូលចិត្តអំពាវនាវឱ្យបរទេសជួយខ្លួននេះគឺជាការនាំយកប្រទេស និងប្រជាជនឱ្យស្ថិតនៅក្រោមបរទេសនោះ។ នេះគឺជាអ្វីដែលរាស្ត្រខ្មែរមិនត្រូវការឡើយ។ ទង្វើរបស់ សម រង្ស៊ី នៅពេលនេះពិតជាគួរឱ្យស្អប់ខ្ពើមបំផុត!!! សម រង្ស៊ី ខ្លួនឯងក៏គួរឱ្យស្អប់ខ្ពើមដូចឪពុករបស់ខ្លួន ដែលប្រវត្តិសាស្ត្រខ្មែរដឹងថាជាជនក្បត់ជាតិ៕



No comments:

Post a Comment