Tuesday, August 08, 2017

ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ដឹកនាំមន្រ្ដីដាំកូនឈើ៥០០០ដើម ក្នុងឱកាសប្រារព្វពិធីរុក្ខទិវា

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានចែកកូនឈើចំនួន៥០០០ដើម ឱ្យទៅស្រុក និងក្រុងនានា ក្នុងខេត្តយកទៅដាំ នៅតាមមូលដ្ឋានរបស់ខ្លួន នៅក្នុងឱកាសប្រារព្ធពិធីរុក្ខទិវា៩កក្កដា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅក្នុងបរិវេណ វត្តវាលទ្រា ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ក្រុងទាំង១៤ ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ស្ថាប័នរដ្ឋនានា កងកម្លាំងទាំង៣ប្រភេទ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ច័ន្ទ សុផល បានបញ្ជាក់ថា រុក្ខទិវាជាតិ៩កក្កដា ខេត្តបាត់ដំបងតែងបានធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដោយបានចែកកូនឈើចម្រុះយកទៅដាំ នៅតាមបណ្តាលស្រុក គោលដៅនានា តាមទីសារណៈ ដើម្បីជាគុណប្រយោជន៍ ទាក់ទាញទឹកភ្លៀងសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ និងបានកាត់បន្ថយការបម្រែបម្រួល អាកាសធាតុនៅលើពិភពលោក ពិសេសនៅកម្ពុជាយើងបច្ចប្បន្ន។
លោកអភិបាលខេត្តបានបន្តថា «បាត់ដំបងយើងមានសក្តានុពលខ្លាំង ក្នុងវិស័យកសិកម្មក៏ជា ជង្រុកស្រូវផង នោះ បច្ចុប្បន្នមានឡសម្ងួតស្រូវក្នុងខេត្ត ដែលមានកម្លាំងអាចផលិតសម្ងួតស្រូវបាន៣០តោនក្នុង១ថ្ងៃនិង អនាគតអាចបានច្រើនជាងនេះផងដែរ។ លោកបន្ថែមថា ចំពោះបញ្ហាទឹកលែងជាការព្រួយបារម្មណ៍ហើយ ដោយយើងបានកសាងទំនប់ទឹកពហុបំណង ដែលអាចទុកបានជាង២០០ម៉ែត្រ និងមានវារីអគ្គិសនី១កន្លែង មានទំហំ១៣មេកាវ៉ាត់ នៅស្រុករតន:មណ្ឌល និងបន្តធ្វើទំនប់ទឹកនៅសាលាតាអន សម្រាប់ទប់ទឹកឱ្យបានគ្រប់គ្រាន់ទុកជូនពលរដ្ឋធ្វើស្រែ»។

ជាកិច្ចបញ្ចប់គណអធិបតីក៏បានចែកចំណោយ សៀវភៅ ប៊ិច ថវិកា ដល់សិស្សានុសិស្ស និងចែកសារុងជូន ប្រជាពលរដ្ឋម្នាក់១ និងចែកកូនឈើតាមបណ្តាស្រុកនានា យកទៅដាំក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជានិមិត្តរូបផងដែរ៕









No comments:

Post a Comment