Tuesday, August 08, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើភាគីជប៉ុនសិក្សាជាមួយអ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ

ជប៉ុន៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យភាគីជប៉ុនសិក្សាជាមួយអ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្រ្ដី បានលើកឡើងថា «ច្បាស់ណាស់ សំរាមគឺជាបញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ»។
សូមបញ្ជាក់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានលើកឡើងខាងលើនេះ គឺធ្វើឡើង ខណៈរូបលោក និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទៅទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ អាជ្ញាធរសម្អាតទីក្រុងតូក្យូ និងជិះរថភ្លើងស្វ័យប្រវត្តិ។
តាមការបង្ហោះផ្សាយនៅលើទំព័រ ហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា អគាររោចក្រកែច្នៃសំរាមរបស់ជប៉ុនមួយនេះ មានកំពស់៦ជាន់ បំពាក់ដោយម៉ាស៊ីន កិនកម្ទេចសំរាម ហើយបែងចែកទៅតាម ប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបំលែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលដឹកចេញទៅគរ នៅជាយក្រុងសព្វថ្ងៃ។
បន្ទាប់ពីបានទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាមខាងលើនេះហើយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញបន្តដំណើរទៅជិះរថភ្លើងស្វ័យប្រវត្តិ Yarikamome (គ្មានមនុស្សបើកបរ) ចាប់ពីស្ថានីយ៍តូយ៉ូសឺ ទៅដល់ស្ថានីយ៍អារីកិ នៅទីក្រុងតូក្យូ។

សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យរដ្ឋាភិបាលជប៉ុន ជួយគិតគូរ ក្នុងការផ្ដល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍលើវិស័យដឹកជញ្ជូន ជាពិសេសរៀបចំឱ្យមានរថភ្លើងស្វ័យប្រវត្តិ លើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយ នូវការចំណាយ របស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕















No comments:

Post a Comment